(បាងកក)៖ យុទ្ធនាការ​គាំពារបរិស្ថានរយៈពេល ១០ថ្ងៃ នឹងចាប់ផ្តើមឡើង​នាថ្ងៃចន្ទសប្តាហ៍​ក្រោយ ដើម្បីសម្អាតសំរាម​​​នានាចេញពីទន្លេ ចៅប្រាយ៉ា (Chao Phraya) ដែលធំបំផុត​នៅប្រទេសថៃ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌​មានចិន​ស៊ីនហួរ នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។

​អភិបាល​ខេត្ត អាងថុង (Ang Thong) លោក រេវ៉ាត់ ប្រាសុង (Rewat Prasong) បាននិយាយថា អាជ្ញាធរ​ប្រចាំ​ខេត្តភាគកណ្តាល​​ចំនួន ១០ បាន​រួមសហការគ្នា​រៀបចំយុទ្ធនាការខាង​លើ​ដើម្បីស្រង់សំរាម ជាពិសេសនោះ​គឺកាកសំណល់ផ្លាស្ទិកតែម្តង ចេញពី​ដង​ទន្លេ​​ដ៏ធំ​ប្រវែង ​៣៧២គីឡូម៉ែត្រ ដោយប្រើប្រាស់ពេលវេលា ១០ថ្ងៃ ដោយចាប់​ផ្តើមពីថ្ងៃទី១០ ខែធ្នូ ខាងមុខនេះតទៅ។

គួរជម្រាបថា យុទ្ធនាការបរិស្ថាននេះ ត្រូវបានបង្កើត​ឡើងជាចម្បង ដើម្បី​លើកកម្ពស់​ការយល់ដឹងរបស់សាធារណជន​ អំពីកិច្ចខិតខំប្រឹងប្រែង​​ក្នុងការសម្អាត​សំរាម និងកាកសំណល់​ផ្សេងៗ​ចេញពីផ្លូវទឹក​សំខាន់ៗ​នៃប្រទេស​ថៃ ព្រមទាំងជាគំរូនៃ​សកម្មភាព​ ការពារបរិស្ថាន​ក្នុងប្រទេសជារួម​ផងដែរ៕