(តូក្យូ)៖ កងម៉ារីនពីរនាក់ត្រូវបានជួយសង្រ្គោះ ខណៈមនុស្ស ០៥នាក់ ផ្សេងទៀត​នៅបន្តបាត់ខ្លួន​នៅឡើយ ក្រោយយន្តហោះ​ចម្បាំង និង​យន្តហោះដឹកសាំង​​នៃកងម៉ារីន​អាមេរិក ធ្លាក់ចូលក្នុង​ផ្ទៃ​សមុទ្រ​​ភាគ​ខាង​លិច​​​នៃប្រទេសជប៉ុន​ កាលពីថ្ងៃព្រហស្បតិ៍​។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។

សហរដ្ឋអាមេរិ​ក​បានជូនដំណឹង​ដល់​ក្រសួងការពារជាតិ​​ជប៉ុនថា យន្តហោះ​​ចម្បាំង F/A-18 និងយន្តហោះ​​ដឹកសាំងធុន KC-130 មកពីមូលដ្ឋាន​ទ័ព​អាកាស អ៊ីវ៉ាគូនិ (Iwakuni) របស់កងម៉ារីន​អាមេរិក នៅភាគខាងលិច​​ប្រទេសជប៉ុនបានធ្លាក់ នៅក្បែរ​​ឆ្នេរ​នៃខេត្ត កូជិ (Kochi) ​នាព្រឹកព្រលឹម​​ថ្ងៃព្រហស្បតិ៍នេះតែម្តង។ ចំណែកឯ​ប្រតិបត្តិការស្វែង និងជួយសង្រ្គោះ​ទ្រង់ទ្រាយធំ​ នៅតែកំពុងបន្តធ្វើឡើង ហើយក្រសួង​ការពារជាតិជប៉ុន​ក៏បានឱ្យដឹងដែរថា ក្នុងចំណោម​ជនរងគ្រោះទាំង ០២នាក់ ខាងលើមានម្នាក់​ស្ថិតក្នុងស្ថានប្រសើរ រីឯម្នាក់ទៀតមិន​ទាន់ដឹងច្បាស់នៅ​ឡើយទេ។

គួរជម្រាបថា នៅលើ​​យន្តហោះ F/A-18 មានអាកាសយានិក​ចំនួន ០២នាក់ ខណៈមនុស្ស ០៥នាក់ មានវត្តមាន​នៅលើ​យន្តហោះដឹកសាំង KC-130 នៅពេលគ្រោះថ្នាក់​ខាងលើបាន​កើតឡើង។ យន្តហោះ​យោធា​អាមេរិកទាំងពីរ​បានធ្លាក់ ដោយសារ​តែ​ការ​ប៉ះ​គ្នា​​ក្នុង​អំឡុង​ការ​​ហោះ​​ហ្វឹក​ហ្វឺន​ចាក់សាំង ​ជាប្រចាំនៅ​លើអាកាស៕