(វៀងច័ន្ទ)​៖ ឡាវបាន​បង្ហាញ​ក្តីរំពឹងថា នឹងអាចលក់​ថាមពល​អគ្គិសនី​​បាន ១៤,៦០០មេហ្គាវ៉ាត់ នៅត្រឹម​ឆ្នាំ២០៣០ ខណៈ​បច្ចុប្បន្នខ្លួន​កំពុងនាំចេញ​ថាមពលអគ្គិសនី​ទំហំ​ ៤,៤១៥មេហ្គាវ៉ាត់ ទៅកាន់ប្រទេស​ជិតខាងចំនួន​០៥។ នេះបើតាម​ការ​ដក​ស្រង់​ការផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។

តួលេខនេះត្រូវ​បានប្រកាសឲ្យដឹង​​ដោយ​រដ្ឋមន្រ្តីរ៉ែ និងថាមពលឡាវ លោក ខាំម៉ានី អ៊ិនធីរ៉ាត់ (Khammany Inthirath)។ រដ្ឋាភិបាលឡាវ​ និង​ថៃ បានចុះកិច្ច​ព្រមព្រៀង​ធ្វើពាណិជ្ជកម្ម​វិស័យថាមពល​ សម្រាប់​ការផ្តល់ថាមពលអគ្គិសនី​​ទំហំ ​​៩,០០០មេហ្គាវ៉ាត់ ខណៈ​បច្ចុប្បន្ន​ឡាវ​កំពុងផ្គត់ផ្គង់​ថាមពល​ជាង ​៤,០០០មេហ្គាវ៉ាត់ ​​ទៅឲ្យថៃ​ហើយរំពឹងថា​​នឹង​អាច​​ឡើង​ដល់ ​៧,០០០មេហ្គាវ៉ាត់ ​នៅ​ឆ្នាំ២០២០ និង ៩,០០០មេហ្គាវ៉ាត់ នៅឆ្នាំ២០៣០។

ឡាវក៏​កំពុង​លក់ថាមពលអគ្គិសនី​​ជាង​ ៣០០មេហ្គាវ៉ាត់ ទៅឲ្យវៀតណាម​ផងដែរ ហើយរដ្ឋាភិបាលឡាវ​រំពឹងថា នឹង​អាច​​បង្កើន​ទំហំ​ថាមពល​ផ្គត់ផ្គង់ឲ្យ​ដល់​១,០០០មេហ្គាវ៉ាត់ នៅឆ្នាំ២០២០ និងដល់ ៥,០០០មេហ្គាវ៉ាត់ នៅឆ្នាំ២០៣០។ ក្រៅពី​នេះឡាវគ្រោងនឹង​លក់​ថាមពលអគ្គិសនី​ ១០០មេហ្គាវ៉ាត់​ ទៅឲ្យម៉ាឡេស៊ី តាមរយៈប្រទេស​ថៃ ហើយ​រដ្ឋាភិបាលឡាវ​រំពឹងថា​នឹងអាច​លក់បាន​៣០០មេហ្គាវ៉ាត់ ថែមទៀតនៅ​ឆ្នាំ២០២០។

ម៉្យាងវិញទៀត រដ្ឋាភិបាលឡាវក៏​នឹងលក់​ថាមពលអគ្គិសនី ១០មេហ្គាវ៉ាត់​​ទៅឲ្យកម្ពុជា​ផងដែរ ហើយ​រំពឹងថានឹង​អាច​​លក់បាន ​២០០មេហ្គាវ៉ាត់​បន្ថែមនៅឆ្នាំ២០២០។ សម្រាប់​មីយ៉ាន់ម៉ាវិញ បានទិញថាមពលអគ្គិសនី​ទំហំ ០៥មេហ្គាវ៉ាត់​ពីឡាវ ហើយឡាវ​នឹងលក់ឲ្យ ​១០០មេហ្គាវ៉ាត់​ថែមទៀតនៅឆ្នាំ២០២២ ខណៈរដ្ឋាភិបាល​ទាំងពីរ បានចុះកិច្ចសន្យា​​​​ស្តីពី​កិច្ចសហប្រតិបត្តិការលើការទិញ-លក់ថាមពល៕​​

គួរជម្រាបថា រដ្ឋាភិបាលឡាវ​ក៏​បានចុះកិច្ចសន្យាជា​មួយចិន​ផងដែរ សម្រាប់កិច្ចសហប្រតិបត្តិការ​លើការសាងសង់ ​បណ្តាញបញ្ជូន​ចរន្តអគ្គិសនី​មួយ​ខ្សែ ដោយនាពេលនេះ​​ភាគីទាំងពីរកំពុង​​ធ្វើ​ការ​សិក្សា​ លើ​លទ្ធ​ភាព​ផ្នែក​បច្ចេក​ទេស​ និង​សេដ្ឋ​កិច្ច ដែលរំពឹងថា​នឹងចប់​រួច​រាល់​​នៅឆ្នាំ២០១៩៕