(ប៉េកាំង)៖ ក្រសួង​ការបរទេស​ចិន​បានរិះគន់​យ៉ាងខ្លាំង ​ចំពោះការលើកឡើង​របស់រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ដែលថា​ទីក្រុង​វ៉ាស៊ីនតោន នឹងស្វែងរក​សណ្ដាប់ធ្នាប់ប្រជាធិបតេយ្យ​ថ្មីមួយសម្រាប់​ពិភពលោក ដោយមិន​ចាំបាច់​មានចិន ហើយថា​នេះគឺផ្ទុយទាំងស្រុង​ទៅនឹងស្មារតី​ នៃកិច្ចប្រជុំលើកចុងក្រោយ​ រវាងមេដឹកនាំ​នៃប្រទេស​ទាំងពីរ ក្នុងប្រទេស​អាហ្សង់ទីន។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន CGTN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។

ក្នុងសន្និសីទ​សារព័ត៌មានមួយនាសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោក ជែង ហ្ស័ង (Geng Shuang) បានលើក​ឡើងយ៉ាងដូច្នេះថា «ចិនគឺជាអ្នក​កសាងសន្តិភាព​ពិភលោក ជាអ្នកចូលអ្នក​ចូលរួមចំណែក​ ដល់ការអភិវឌ្ឍសកលលោក និងជាអ្នក​ការពារសណ្ដាប់ធ្នាប់ពិភពលោក​ផងដែរ... ហើយ​ទន្ទឹមគ្នា សហគមន៍អន្តរជាតិ​បានដឹងយ៉ាងច្បាស់​ថា អាមេរិកកំពុងធ្វើសកម្មភាពដូចម្ដេចនៅលើឆាក​អន្តរជាតិ ពោលគឺអាមេរិក​ប្រកាន់ខ្ជាប់តែនយោបាយ​ស្ដង់ដារ និងតម្កល់​ផលប្រយោជន៍ អាមេរិក​មុនគេ ខណៈចិនបានគំាទ្រ​យ៉ាងពេញទំហឹង​លើប្រព័ន្ធពហុភាគី​និយម»។

គួរជម្រាបថា កាលពីថ្ងៃអង្គារ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo បានសន្យាថា សហរដ្ឋអាមេរិកនឹងស្វែងរក​សណ្ដាប់ធ្នាប់ប្រជាធិបតេយ្យ​ថ្មីមួយសម្រាប់​ពិភពលោក តាមរយៈការពង្រឹង​កិច្ចព្រមព្រៀង​អន្តរជាតិ ដើម្បីរារាំង​សភាវៈអាក្រក់ដូច​ជាចិន រុស្ស៊ី និងអ៊ីរ៉ង់​ទទួលជោគជ័យ៕