(លីបង់)៖ តំណាងយោធា​លីបង់ម្នាក់ បាននិយាយ​នៅក្នុងកិច្ចប្រជុំត្រីភាគី​នៅថ្ងៃពុធ​សប្ដាហ៍នេះ ជាមួយយោធា​អ៊ីស្រាអែល និងកងកម្លាំង UN ប្រចាំ​លីបង់ (UNIFIL) ថា កងទ័ពអ៊ីស្រាអែលត្រូវតែដកចេញពី តំបន់ភាគខាងត្បូងរបស់​ប្រទេស​លីបង់។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។

សារព័ត៌មាន Sputnik ផ្អែកលើសេចក្ដី​ថ្លែងការណ៍របស់យោធា​លីបង់ បានឱ្យដឹងយ៉ាងដូច្នេះថា «សកម្មភាពរំលោភបំពានលើ​ដែនអាកាស ដែនទឹក និងព្រំដែនគោកដោយអ៊ីស្រាអែល គឺជាទង្វើបង្ករឿងមួយមិនអាចទទួលយកបាន​ជាដាច់ខាត... ហើយ យើងស្នើឱ្យ​អ៊ីស្រាអែលបញ្ឈប់​ទង្វើបែបនេះ និងដកចេញ​ពីតំបន់ព្រំដែនភាគខាងត្បូង​របស់លីបង់»។

គួរជម្រាបថា កាលពីថ្ងៃអង្គារ យោធាអ៊ីស្រាអែលបានប្រកាសដាក់​ចេញប្រតិបត្តិការយោធា​មួយ ដោយសំដៅ​កម្ទេចផ្លូវ រូងក្រោមដីប្រើប្រាស់​ដោយក្រុមហេសប៊ូលឡា​ជាសំងាត់ ដើម្បីបញ្ជូនយោធាចូលទៅក្នុងប្រទេស​អ៊ីស្រាអែល។ ប៉ុន្តែយោធា​លីបង់​បានទទូចឱ្យ​ទីក្រុងតែល​អាវីវ បង្ហាញ​ភស្ដុតាង និងបញ្ជាក់​បន្ថែមពីការអះអាង​របស់ខ្លួន។ បច្ចុប្បន្ន​ភាព​ក្តៅគគុក​រវាងអ៊ីស្រាអែល និងក្រុមហេស៊ូលឡា-លីបង់​​កំពុងតែបន្ត និងបង្កជា​ការ​ព្រួយ​បារម្ភ​មួយផងដែរ​សម្រាប់តំបន់​ទាំងមូល៕