(តូក្យូ)៖ យន្តហោះចម្បាំង និង​យន្តហោះដឹកសាំង​នៃកងម៉ារីន​អាមេរិក នាថ្ងៃព្រហស្បតិ៍នេះ ធ្លាក់ចូលក្នុង​ផ្ទៃសមុទ្រ​​ភាគ​ខាង​លិច​​​នៃប្រទេសជប៉ុន ខណៈមនុស្សម្នាក់​ក្នុងចំណោម ០៧នាក់ ត្រូវបានជួយ​សង្រ្គោះ និង០៦នាក់​បន្តបាត់ខ្លួន។ នេះបើតាម​ការដក​ស្រង់​ការ​ផ្សាយ​​ចេញ​ពី​ទីភ្នាក់​ងារ​​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។

សហរដ្ឋអាមេរិក​បានជូនដំណឹងដល់​ក្រសួងការពារជាតិ​ជប៉ុនថា យន្តហោះ​ចម្បាំង F/A-18 និងយន្តហោះ​ដឹកសាំងធុន KC-130 មកពីមូលដ្ឋានទ័ព​អាកាស អ៊ីវ៉ាគូនិ (Iwakuni) របស់កងម៉ារីន​អាមេរិក នៅភាគខាងលិច​ប្រទេសជប៉ុន បានធ្លាក់នៅក្បែរ​​ឆ្នេរ​នៃខេត្ត កូជិ (Kochi) ​នាព្រឹកព្រលឹម​ថ្ងៃព្រហស្បតិ៍នេះតែម្តង។

គួរជម្រាបថា នៅលើ​យន្តហោះ F/A-18 មានអាកាសយានិក​ចំនួន ០២នាក់ ខណៈមនុស្ស ០៥នាក់ មានវត្តមាននៅលើ​យន្តហោះដឹកសាំង KC-130 នៅពេលគ្រោះថ្នាក់ខាងលើបានកើតឡើង ដោយម្នាក់ក្នុងចំណោមអ្នកទាំង​នោះ​ត្រូវ​បាន​ជួយ​សង្រ្គោះដោយ​​កងកម្លាំងស្វ័យ​ការពារជប៉ុន។ យន្តហោះ​យោធាអាមេរិកទាំងពីរ​បានធ្លាក់ ដោយ​តែ​ការប៉ះ​គ្នា​​ក្នុង​អំឡុង​ការ​ហោះ​​ហ្វឹក​ហ្វឺន​ជាប្រចាំ៕