(ប៉ារីស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុ កាលពីឆ្នាំ២០១៥ មកឌឺដងផ្លែផ្កាដាក់ប្រធានាធិបតីបារំាង លោក អែមម៉ានុយអែល ម៉ាក្រុង ខណៈបារាំងកំពុងប្រឈមមុខ នឹងបាតុកម្មតវ៉ាដ៏ហិង្សាប្រឆាំងនឹងគោលនយោបាយដំឡើងពន្ធលើឥន្ធនៈ (សាំង និងម៉ាស៊ូត)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងនៅលើ Twitter នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖«ខ្ញុំពិតជា សប្បាយរីករាយណាស់ដែលមិត្តរបស់ខ្ញុំ គឺលោក អែមម៉ានុយអែល ម៉ាក្រុង និងក្រុមបាតុករក្នុងទីក្រុងប៉ារីស បានឯកភាព លើការសន្និដ្ឋានដែលខ្ញុំបានធ្វើកាលពីជាង០២ឆ្នាំមុន»។ លោក ត្រាំ បន្ថែមថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួល អាកាសធាតុ កាលពីឆ្នាំ២០១៥ មានគុណវិបត្តជាច្រើន ពីព្រោះវាធ្វើឱ្យតម្លៃថាមពលឡើងថ្លៃ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអាដ ហ្វីលីព (Edouard Philippe) បានប្រកាសថាគំរោង ដំឡើង​ពន្ធលើ​ឥន្ធនៈ(សាំង និងម៉ាស៊ូត) នឹងត្រូវបានផ្អាក​ជាបណ្ដោះអាសន្ន​រយៈពេល ០៦ខែ។ ប៉ុន្តែ មេដឹកនាំក្រុមបាតុករ បារាំងអាវកាក់ពណ៌លឿងអះអាងថា នេះមិនមែនជាអ្វីដែលពួកគេចង់បានឡើយ ពោលគឺពួកគេចង់ឱ្យដ្ឋាភិបាលលោក ម៉ាក្រុង លុបចោលគំរោងនេះតែម្ដង ជាមួយការព្រមានថានឹងបន្តធ្វើបាតុកម្មវ៉ាជាថ្មីនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕