(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សត្វដាយណូស័រអម្បូរថ្មីមួយ ត្រូវបានកំណត់​អត្តសញ្ញាណ តាមរយៈ​របកគំហើញនៃ​​បំណែកឆ្អឹងថ្គាម​មួយ​​​​ដែលត្រូវគេ ប្រទះឃើញនៅក្នុងប្រទេសអូស្រ្តាលី៕

២៖ ចិនទើបតែបានបញ្ចប់ជាស្ថាពរនូវ​ការសាងសង់​​កប៉ាល់​សម្រាប់ដឹកឧស្ម័ន​ធម្មជាតិ LNG នៅតំបន់ទឹកកកអាក់ទិច ដំបូងបំផុតលើពិភពលោក ដែលមានសមត្ថភាពធ្វើប្រតិបត្តិការបាន នៅក្រោមសីតុណ្ហភាពរហូតដល់​​​​-៥០អង្សាសេ៕

៣៖ ​​កូរ៉េខាងត្បូង​នាថ្ងៃពុធនេះ កំពុងទទួលរង​ឥទ្ធិពលធាតុអាកាស​ត្រជាក់​ខ្លាំងលើក​ដំបូង​នៃរដូវរងា​ឆ្នាំ​នេះដោយ សីតុណ្ហភាពតាមតំបន់ជាច្រើន​នៅទូទាំងប្រទេស​អាស៊ីខាង​កើតនេះ បានធ្លាក់ចុះក្រោម​សូន្យអង្សាសេ៕

៤៖ ​អាជ្ញាធរញូខាឡេដូនៀ (New Caledonia) នៅថ្ងៃពុធ បានបញ្ជាឱ្យមាន​ការជម្លៀសប្រជាជន​នៅតំបន់ឆ្នេរជាច្រើន​ ទៅកាន់​កន្លែងមាន​សុវត្ថិភាព បន្ទាប់ពី​ការចេញសេចក្ដីព្រមាន​ពីរលកយក្ស​ស៊ូណាមិ ក្រោយគ្រោះ​​រញ្ជួយដី​កម្រិត ៧.៥រ៉ិចទ័រ វាយប្រហារ​លើតំបន់ឆ្នេរភាគខាងកើត​ នៃដែនដីបារាំងនៅ​ឯនាយសមុទ្រ​មួយនេះ៕

៥៖ រដ្ឋាភិបាល​ទីក្រុងប៉េកាំង តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន នាថ្ងៃពុធនេះបានចេញមុខ សម្តែង​​គោលជំហរ​ប្រឆាំងដាច់ខាតចំពោះ​គំនិតចង់​ប្រែក្លាយ​​សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ INF រវាង​អាមេរិក​និង​រុស្ស៉ី​ ឲ្យទៅជា​សន្ធិសញ្ញាពហុភាគី៕

៦៖ ប្រមុខរដ្ឋអាជ្ញា​នៃទីក្រុងអ៊ីស្តង់ប៊ុល​នាថ្ងៃ​ពុធនេះ បានសម្រេចចេញដីកាចាប់ខ្លួន ជនជាតិ​អារ៉ាប៊ីសាអូឌីត​​ពីរនាក់ ជុំវិញករណីឃាតកម្មលើអ្នកកាសែត Jamal Khashoggi៕