(អ៊ីស្តង់ប៊ុល)៖ ប្រមុខរដ្ឋអាជ្ញា​នៃទីក្រុងអ៊ីស្តង់ប៊ុល​នាថ្ងៃ​ពុធនេះ បានសម្រេចចេញដីកាចាប់ខ្លួន ជនជាតិ​អារ៉ាប៊ីសាអូឌីត​​ពីរនាក់ ជុំវិញករណីឃាតកម្មលើអ្នកកាសែត Jamal Khashoggi។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៥ ខែ​ធ្នូ ឆ្នាំ២០១៨។

​ជនសង្ស័យទាំងពីរនាក់នោះ គឺម្នាក់ជាអតីត​​អនុប្រធាន​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់​របស់អារ៉ាប៊ីសាអូឌីត ឈ្មោះ អាមេដ អាស៊ីរី (Ahmed Asiri) និង​ម្នាក់ទៀតឈ្មោះ សាអ៊ូឌ អាល់កាតានី (Saud al-Qahtani) ដែលជាអតីត​ជំនួយ​ការ​​​របស់ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ មូហាំមេដ ប៊ីនសាល់ម៉ាន់។

គួរជម្រាបថា បើតាមប្រមុខរដ្ឋអាជ្ញា​ក្រុងអ៊ីស្តង់ប៊ុល លោក Khashoggi ត្រូវគេច្របាច់ឬរឹតករហូតដល់ដាច់ខ្យល់ស្លាប់​ ​បន្ទាប់ពីរូបលោកបានឈានជើងចូលក្នុងស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​នៅអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី០២ ខែតុលា រីឯ​សាកសពលោកត្រូវគេកាត់ជាកង់ៗហើយបំផ្លាញចោលដើម្បីបំបាត់ភស្តុតាង។ ​

ទន្ទឹម​នឹងនេះ​​រដ្ឋអាជ្ញា​អារ៉ាប៊ីសាអូឌីតផ្ទាល់​ ក៏​​បានទាមទារឲ្យ​មានការកាត់ទោសប្រហារជីវិតលើ​ជន​សង្ស័យ​ចំនួន​០៥នាក់ ក្នុង​ចំណោមជនសង្ស័យចំនួន២១នាក់ ដែលត្រូវបានឃាត់ខ្លួននៅអារ៉ាប៊ីសាអូឌីត​ ជុំវិញការសម្លាប់លោក Khashoggi ផងដែរ៕

Advertising