(ប៉េកាំង)៖​ រដ្ឋាភិបាល​ទីក្រុងប៉េកាំង តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន នាថ្ងៃពុធនេះបានចេញមុខ សម្តែង​​គោលជំហរ​ប្រឆាំងដាច់ខាតចំពោះ​គំនិតចង់​ប្រែក្លាយ​​សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ INF រវាង​អាមេរិក​និង​រុស្ស៉ី​ ឲ្យទៅជា​សន្ធិសញ្ញាពហុភាគី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាច​ថ្ងៃ​ពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។

ការចេញមុខជំទាស់របស់មហាយក្សចិន បានកើតមានឡើង បន្ទាប់ពី​​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែងកាលពីខែតុលាថា ចិនគួរតែស្ថិតក្នុងផ្នែកនៃសន្ធិសញ្ញា INF។ ក្រោយមកទៀត ឯកអគ្គរដ្ឋទូតរុស្ស៉ី​ប្រចាំ​អាមេរិក​ ថែមទាំងបានលើកឡើងថា មិនត្រឹមតែទីក្រុងប៉េកាំងទេ ​សូម្បីតែអង្គការ NATO ជាពិសេសគឺ​បារាំងនិងអង់គ្លេស​ក៏​គួរ​តែត្រូវចាត់ចូលក្នុងសន្ធិសញ្ញានេះផងដែរ។

គួរជម្រាបថា លោក ត្រាំ បានប្រកាសចង់ដកប្រទេសរបស់លោកចេញពី INF ​ដោយយោងលើការចោទប្រកាន់ថា​​​រុស្ស៉ី​ បានរំលោភ​លើ​សន្ធិសញ្ញានេះ ខណៈដែលទីក្រុងម៉ូស្គូបានធ្វើការប្រកែកម្តងហើយម្តងទៀតថា ការចោទប្រកាន់នេះ​ពុំ​មានភស្តុតាងជាមូលដ្ឋានជាក់ស្តែងណាមួយឡើយ ហើយ​ខ្លួនព្រួយបារម្ភអំពីអនុលោមភាពរបស់ទីក្រុងវ៉ាស៊ីនតោន​ចំពោះ​​សន្ធិសញ្ញានេះទៅវិញទេ៕

សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះ​ហត្ថលេខាដោយ​សហរដ្ឋអាមេរិក និងអតីត​សហភាពសូវៀត​កាលពីឆ្នាំ១៩៨៧ ដែលជាជំហាន​ដ៏សំខាន់មួយ​ ឈានទៅរកការ​កាត់បន្ថយការ​ប្រឈមមុខ​ដាក់គ្នា រវាងមហាអំណាច​ធំៗទាំងពីរ កាលពីសម័យ​សង្គ្រាមត្រជាក់។ សន្ធិសញ្ញា​បានហាមឃាត់ចំពោះ ការ​ដាក់​ពង្រាយ​​ប្រភេទមីស៊ីលផ្លោង ដែលអាចបាញ់​ចេញពីផ្ទៃដី​ក្នុងរយៈចំងាយចន្លោះ៥០០ដល់៥,៥០០គីឡូម៉ែត្រ៕