(ប៉ារីស)៖ មេដឹកនាំ​ក្រុមបាតុករអាវកាក់​ពណ៌លឿង​បាននិយាយថា ការផ្អាកការដំឡើងពន្ធលើឥន្ធនៈ (សាំង និងម៉ាស៊ូត) របស់រដ្ឋាភិបាល​ប្រធានាធិបតិបារាំង​លោក ម៉ាក្រុង មិនមែនជាអ្វី​ដែលក្រុមបាតុករចង់​បាននោះទេ ហើយថា​នឹងធ្វើបាតុកម្ម តវ៉ាជាថ្មីថ្ងៃសៅរ៍​ចុងសប្ដាហ៍​នេះ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។

មេដឹកនាំ​ក្រុមបាតុករ​អាវកាក់ពណ៌លឿង លោក ប៊ិនចាមីន ខូជី (Benjamin Cauchy) ធ្វើការកត់សម្គាល់​បែបនេះ នៅក្នុងបទ​សម្ភាសន៍​ជាមួយស្ថានីយ​ទូរទស្សន៍​បារាំង BFM TV នៅថ្ងៃអង្គារ​សប្ដាហ៍នេះ។ ថ្លែង​នាឱកាសនោះលោក Cauchy បានគូស​បញ្ជាក់ យ៉ាងដូច្នេះថា «យើងមិនចង់​បានការផ្អាកជា​បណ្ដោះអាសន្ន​នោះទេ... តែយើងចង់​ឱ្យការតំឡើង​ពន្ធលើឥន្ធនៈ​កាលពីពេល​មុនតែម្តង ត្រូវបានលុបចោល​ភ្លាមៗ​តែម្ដង...»។ មេដឹកបាតុកររូបនេះបន្ថែមទៀតថា៖ «ប្រជាជនបារាំងមិនមែនជាកូនចាបឡើយ ហើយ ពួកគេមិនចង់បានកម្ទេចនំបុ័ងដែលរដ្ឋាភិបាលផ្ដល់ឱ្យពួកគេនោះដែរ តែពួកគេចង់បាននំបុ័ងទាំងមូល»

គួរបញ្ជាក់ថា ប្រឈមមុខនឹង​មហាបាតុកម្មដែលបណ្ដាល​ឱ្យមនុស្ស ០៣ស្លាប់ និង​អូស​បន្លាយ​ពេលជាង ៣សប្ដាហ៍មកនេះ នាយរដ្ឋមន្ត្រី​បារាំងលោក អាឌូអាដ ហ្វីលីព (Edouard Philippe) បានប្រកាសកាលពី​ថ្ងៃអង្គារថា គំរោងតំឡើង​ពន្ធលើ​ឥន្ធនៈ (សាំង និងម៉ាស៊ូត) នឹងត្រូវបានផ្អាក​ជាបណ្ដោះអាសន្ន​រយៈពេល ០៦ខែ ខណៈក្រុម​បាតុករហាក់ដូច​ជាមិនទាន់សប្បាយចិត្តនោះឡើយ ចំពោះការសម្រេច​ផ្អាកក្នុងរយៈពេល​ខ្លីបែបនេះ៕