(ខាឡេដូនៀ)៖ ​អាជ្ញាធរញូខាឡេដូនៀ (New Caledonia) នៅថ្ងៃពុធ បានបញ្ជាឱ្យមាន​ការជម្លៀសប្រជាជន​នៅតំបន់ឆ្នេរជាច្រើន​ ទៅកាន់​កន្លែងមាន​សុវត្ថិភាព បន្ទាប់ពី​ការចេញសេចក្ដីព្រមាន​ពីរលកយក្ស​ស៊ូណាមិ ក្រោយគ្រោះ​​រញ្ជួយដី​កម្រិត ៧.៥រ៉ិចទ័រ វាយប្រហារ​លើតំបន់ឆ្នេរភាគខាងកើត​ នៃដែនដីបារាំងនៅ​ឯនាយសមុទ្រ​មួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់​ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។

គ្រោះធម្មជាតិ​​​រញ្ជួយផែនដី ដែល​​មានកម្រតិ​ធ្ងន់ធ្ងរ ៧.៥រ៉ិចទ័រ បាន​វាយប្រហារ​​ប្រជុំកោះ​ញូខាឡេដូនៀ (New Caledonia) នៃភាគនិរតី​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅព្រឹកថ្ងៃពុធនេះ ហើយក៏មាន​ការចេញសេចក្តី​ព្រមានភ្លាមៗ ចំពោះ​រលកយក្ស​ស៊ូណាមិ ដែលអាចកើត​មានផងដែរ។

គ្រោះរញ្ជួយដី​ខាងលើនេះ បានកើតចេញពី​ក្នុងជម្រៅ ១០គីឡូម៉ែត្រ​ពីក្រោមបាតសមុទ្រ រីឯទីភ្នាក់ងារ​ស្ទាបស្ទង់ភូមិសាស្ត្រ​អាមេរិកបានកំណត់ថា​វាមាន​ទំហំ ៧.៥រ៉ិចទ័រ ខណៈតំបន់​នៅជុំវិញចំណុច​រំញ័រប្រមាណ ១,០០០គីឡូម៉ែត្រ ត្រូវបាន​ដាក់ស្ថិត​នៅក្នុង​ទីកន្លែងព្រមាន​ចំពោះមុខរលកយក្សស៊ូណាមិ ដែលអាចកើតមាន។

គួរបញ្ជាក់ថា ពុំទាន់មានសេចក្តីរាយការណ៍អះអាងថា អាចមាន​មនុស្សរង​គ្រោះ ឬក៏ការបំផ្លិច​បំផ្លាញនោះ​នៅលើប្រជុំកោះ New Caledonia នោះឡើយ៕