(ប៉េកាំង)៖ ការផ្អាកជម្លោះ​រយៈពេល ៩០ថ្ងៃ នៅក្នុងសង្រ្គាម​ពាណិជ្ជកម្ម​រវាងប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងទទួលបាន​ការចាប់​អារម្មណ៍ជាខ្លាំង​ពីអន្តរជាតិ ដោយមតិខ្លះបាន​យល់ឃើញថា វាមិនត្រឹមមាន​សារៈសំខាន់ខ្លាំង ក្នុងការជួយ​បន្ធូរបន្ថយ​ភាពតានតឹង​សង្រ្គាម​ពាណិជ្ជកម្មនេះ​ប៉ុណ្ណោះទេ តែថែមទាំងអាច​​ជួយកែប្រែ​ទំនាក់ទំនង​នៃប្រទេសមហាយក្សទាំងពីរទៀតផង។ នេះបើតាមការដក​ស្រង់ការផ្សាយ​ចេញពីសារព័ត៌មានចិន Global Times នៅរសៀលថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។​

ការឈានដល់​កិច្ចព្រមព្រៀងរវាង​រដ្ឋាភិបាលទីក្រុង​ប៉េកាំង និងវ៉ាស៊ីនតោន ​កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ គឺជាស្ថាន​ការណ៍វិវត្តន៍ដ៏ធំមួយ ដោយជាក់ស្តែង​គឺយោងទៅលើ​ភាពវិជ្ជមាន​ នៅក្នុងទីផ្សារ​ភាគហ៊ុនអន្តរជាតិ នាថ្ងៃចន្ទសប្តាហ៍​នេះ​​។​ អ្វីដែលនៅសេស​សល់​គឺការចរចាគ្នា​ប្រកបដោយ​ភាពហ្មត់ចត់ និង​ស្មោះត្រង់នៃ​ប្រទេសទាំងពីរ ប៉ុន្តែថា​តើភាគីទាំងពីរ​​ត្រូវដោះស្រាយ​ឧបសគ្គលំបាកៗ​ដោយរបៀបណានោះ គឺអាស្រ័យ​មួយភាគធំ​ទៅលើ​ឥរិយាបថនយោបាយ​​​របស់​ចិន​ និងអាមេរិក​ផ្ទាល់។

សង្រ្គាមពាណិជ្ជកម្ម​ដែលធ្វើឲ្យរង្គោះរង្គើ​ពិភពលោកនេះ បានអូសបន្លាយ​ជាងកន្លះឆ្នាំហើយ ដោយ​មួយ​រយៈ​​កាល​​នេះ​​​ទាំង​ចិន​ និង​អាមេរិកសុទ្ធតែ​បានយល់​ដឹងពី ​ឆន្ទៈ ផលប្រយោជន៍​ស្នូល ក៏ដូចជាកម្លាំងក្នុង​ការតតាំងនឹងការ​ដាក់​​សម្ពាធ​​របស់​ភាគីម្ខាងៗ។ ឥឡូវនេះប្រទេស​ទាំងពីរមាន​គោលដៅ​រួមគ្នា ដើម្បីចាប់ផ្តើម​កិច្ច​ចរចាថ្មីក្នុងរយៈពេល ​៩០ថ្ងៃ​ខាង​មុខ​ ដែលជាអំឡុងពេលដ៏សំខាន់នៃ​កិច្ចព្រមព្រៀងផ្អាកជម្លោះនេះ។

ការព្រមព្រៀងគ្នាខាងលើ បង្ហាញឲ្យឃើញថា ភាគីទាំងពីរ​បានដឹងច្បាស់ថា ខ្លួននឹងទទួលបានផលចំណេញច្រើន​ជាង តាមរយៈការបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ជាជាងការអូស​បន្លាយវាឲ្យវែងឆ្ងាយតទៀត។ យ៉ាងណាមិញ​យើងមើល​ទៅវាស្ទើរតែមិនអាចទៅរួចទាំងស្រុង​ ក្នុងការដោះស្រាយបញ្ហាធំៗ​រវាងភាគីទាំងពីរ ក្នុងពេលត្រឹមតែ ៩០ថ្ងៃ ប៉ុន្តែរយៈ​ពេល ៩០ថ្ងៃ ​នៃកិច្ចខិតខំប្រឹងប្រែង អាចកសាង​នូវទំនុកចិត្ត​ដ៏ប្រសើរមួយ និងអាចឈានទៅរក​ការសម្រុះ​សម្រួល​គ្នា​ដែលអាច​ទទួលយកបាន​ទាំងសង​ខាង។

និយាយរួមទៅ ក្រោយធ្វើ​សង្រ្គាមពាណិជ្ជកម្មអស់​ជាងកន្លះឆ្នាំ ភាគីទាំងពីរ​មានការយល់ដឹង​ប្រសើរជាងមុនថា ពុំមាន​​ម្ខាងណាអាច​ទទួលបាន​ផលប្រយោជន៍​ជាអតិបរមា តាមបែបឯកតោភាគី​ឡើយ។ ប្រទេស​ទាំងពីរ នឹងត្រូវតែ​​សម្រុះ​សម្រួលគ្នា ដើម្បីសម្រេច​បាននូវកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មក្នុង​កិច្ចខិតខំចរចា​។ វាពិតណាស់ថា សង្រ្គាមពាណិជ្ជកម្ម​​អាចតានតឹង​ឡើងវិញ​ប្រសិនបើចិន និងអាមេរិកមិនអាចស្វែងរកការ​ឯកភាពគ្នាបាន ប៉ុន្តែប្រទេសធំៗ​ទាំងពីរ​នេះ មិន​អាច​ដាច់​ចេញពីគ្នា​បានឡើយ៕