(ខាឡេដូនៀ)៖ គ្រោះធម្មជាតិ​​រញ្ជួយផែនដី ដែល​​មានកម្រតិ​ធ្ងន់ធ្ងរ ៧.៥រ៉ិចទ័រ បាន​វាយប្រហារ​​ប្រជុំកោះ​ញូខាឡេដូនៀ (New Caledonia) នៃភាគនិរតី​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅមុខនេះបន្តិច ខណៈមាន​ការចេញសេចក្តី​ព្រមានភ្លាមៗ ចំពោះ​រលកយក្ស​ស៊ូណាមិ ដែលអាចកើត​មានផងដែរ។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀល​ថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។

គ្រោះរញ្ជួយដី​ខាងលើនេះ បានកើតចេញពី​ក្នុងជម្រៅ ១០គីឡូម៉ែត្រ​ពីក្រោមបាតសមុទ្រ ហើយទីភ្នាក់ងារ​ស្ទាបស្ទង់ភូមិសាស្ត្រ​អាមេរិក បានកំណត់ថា​វាមាន​ទំហំ ៧.៥រ៉ិចទ័រ ខណៈតំបន់​នៅជុំវិញចំណុច​រំញ័រប្រមាណ ១,០០០គីឡូម៉ែត្រ ត្រូវបាន​ដាក់ស្ថិត​នៅក្នុង​ទីកន្លែងព្រមាន​ចំពោះមុខរលកយក្សស៊ូណាមិ ដែលអាចកើតមាន។

គួរបញ្ជាក់ថា ភ្លាមៗបែប​នេះពុំទាន់មានសេចក្តីរាយការណ៍អះអាងថា អាចមាន​មនុស្សរង​គ្រោះ ឬក៏ការបំផ្លិច​បំផ្លាញនោះ​នៅលើប្រជុំកោះ New Caledonia នោះឡើយ៕