(សេអ៊ូល)៖ ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅថ្ងៃពុធនេះ​បានទាត់​​ចោល​​សេចក្ដីរាយការណ៍​មួយដែលថា មេដឹកនាំ​​កូរ៉េខាងជើង​​លោក គីម ជុងអ៊ុន នឹងបំពេញ​ដំណើរទស្សនកិច្ចកាន់​ទីក្រុងសេអ៊ូល​ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ​នេះ ដែល​​វាហាក់​កំពុង​បង្ហាញភាព​មិនទាន់ច្បាស់លាស់​នៅឡើយ អំពីកាលបរិច្ឆេទដែល​លោក គីម ជុងអ៊ុន ត្រូវមកបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល ជាប្រវត្តិសាសន៍នោះ។ នេះ​បើតាម ជូនណាន អ៊ីលបូ (Chunan Ilbo) ដកស្រង់ដោយ​​សារព័ត៌មាន Sputnik​ នៅ​ព្រឹកថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។

សារព័ត៌មាន​កូរ៉េខាងត្បូង Chunan Ilbo ផ្អែកលើ​ការ​បញ្ជាក់ពីអ្នកនាំ​ពាក្យ​​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូន យាំងចាន់ (Yoon Young-chan) បានឱ្យ​ដឹងយ៉ាងដូច្នេះថា «សេចក្ដីរាយការណ៍​ព័ត៌មានដែលថាមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងមក​បំពេញទស្សនកិច្ច​ក្នុងទីក្រុងសេអ៊ូល ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូនេះគឺជា​រឿងមិនពិត... ហើយដូចលោក​ប្រធានាធិបតី មូន ជែអ៊ីន បានបញ្ជាក់ យើងកំពុង​បើកចំហទ្វារជានិច្ច ដើម្បីទទួលដំណើរ​ទស្សនកិច្ចរហូតដល់ចុង​ឆ្នាំ២០១៨ ឬក៏នៅដើម​ឆ្នាំ២០១៩ គឺអាស្រ័យលើ​ការសម្រេចចិត្ត​របស់​កូរ៉េខាងជើង»

គួររំលឹកថា នៅអំឡុងជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន ក្នុងទីក្រុងព្យុងយ៉ាង​កាលពីខែកញ្ញា​កន្លងទៅ លោក គីម ជុងអ៊ុន បានប្រកាសថា​ លោកនឹង​បំពេញទស្សនកិច្ច​ទៅកាន់​ទីក្រុងសេអ៊ូល ក្នុងពេល​អនាគតដ៏ខ្លី ខណៈលោក មូន រំពឹងថា​ដំណើរទស្សន​កិច្ចនេះ អាចនឹងកើតមាន​នៅមុនដំណាច់​ឆ្នាំ២០១៨ នេះ។ ម្យ៉ាងវិញទៀត បើសិនជាដំណើរ​ទស្សនកិច្ចនេះ​កើតឡើងមែន​នោះ លោក គីម នឹងក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង​ដំបូងគេបំផុត ដែលយកជើង​ជាន់ដីរដ្ឋធានីសេអ៊ូល ចាប់តាំង​ពីកូរ៉េទាំងពីរត្រូវ​បែងចែកជាពីរ កាលពីឆ្នាំ១៩៤៥​មក៕