(ម៉ូស្គូ)៖ ភាពតានតឹង​រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីអាចនឹងបង្ក​ទៅជម្លោះយោធាដោយ​ផ្ទាល់ ហើយមានសេណារីយ៉ូ​ចំនួន ០៣ ដែលសង្រ្គាមរវាងមហាអំណាច​ទាំងពីរផ្ទុះ​ឡើង។ នេះបើតាមលោក Dmitri Souslov ដកស្រង់​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងប្រាប់ Sputnik នៅក្នុង​សប្ដាហ៍នេះ លោក ឌីមីទ្រី សួស្លូវ (Dmitri Souslov) ជាអ្នកជំនាញរុស្ស៊ីម្នាក់ខាង​ទំនាក់ទំនង​អន្តរជាតិ ក៏បានបញ្ជាក់ដែរថា ការប្រឈមមុខ​ដាក់គ្នារវាងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​ម៉ូស្គូ បានរីករាលដាល​កាន់តែធំ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ។ លោក Souslov បន្ថែមទៀតថា មានសេណារី​យ៉ូចំនួន ០៣ ដែលជម្លោះយោធា​ដោយ​ផ្ទាល់រវាង មហាអំណាច​ទាំងពីរអាចនឹង​ផ្ទុះឡើង។

អ្នកជំនាញខាងលើបានកត់សម្គាល់​យ៉ាងដូច្នេះថា «មានសេណារីយ៉ូធំៗ ០៣ ដែលពន្យល់ថា សង្រ្គាមរវាង​សហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ីអាចនឹងផ្ទុះឡើង... ដោយទី ១ នោះគឺការគំរាមកំហែង​នៃការវាយប្រហារ​ព័ត៌មានវិទ្យា ហើយទី ២ គឺការរត់ ប្រណាំងសព្វាវុធ​ក្នុងនោះរួមមានទាំងការ​ដាក់ពង្រាយមីស៊ីល​រយៈចំងាយវែង និងមធ្យមនៅ​លើទឹកដី​អឺរ៉ុប ដែល​អាចនឹង​បង្ខំឱ្យមហាយក្ស​យោធាទាំងពីរ ប្រឈមមុខ​ដាក់គ្នាដោយ​ផ្ទាល់​ក្នុងអនាគត​ដ៏ខ្លី។ ចំណែក​ឯ​សេណារីយ៉ូទី ៣ គឺសង្រ្គាមនៅស៊ីរី និង​ភាពតានតឹង​នៅឯតំបន់​សមុទ្រខ្មៅ»។

គួរបញ្ជាក់ថា បើតាមលោក Dmitri Souslov សហរដ្ឋអាមេរិក​នឹងដកខ្លួនចេញពីសន្ធិសញ្ញា​នុយក្លេអ៊ែរ (INF) ជាមួយរុស្ស៊ី គ្រាន់តែយូរ ឬឆាប់តែ​ប៉ុណ្ណោះ។ តែអ្វីដែលគួរ​ឱ្យកត់សម្គាល់ បើទីក្រុងវ៉ាស៊ីនតោន​ពិតជាដកខ្លួន ចេញពីសន្ធិសញ្ញា​នេះ​មែននោះ ការរត់​ប្រណាំងសព្វាវុធ​រវាងទីក្រុងម៉ូស្គូ ទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​ប៉េកាំង ជាពិសេសគឺការអភិវឌ្ឍ​មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានរយៈចំងាយ​មធ្យម រួមទាំងកងកម្លាំង​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ នឹងផ្ទុះឡើង​ដោយចៀស​មិនរួច៕