(វ៉ាស៊ីនតោន)៖ ជនជាតិចិនម្នាក់​ឈ្មោះ ចាវ គានលី (Zhao Qianli) អាយុ ២០ឆ្នាំ ត្រូវបានក្រុមរដ្ឋអាជ្ញា​អាមេរិកចោទ​ប្រកាន់ជាផ្លូវការហើយ​ ​ពីបទលួចថត​រូបភាពមូលដ្ឋានយោធាអាមេរិកដោយ​ខុសច្បាប់។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌​មានរុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃ​ពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។

ការជំនុំជម្រះក្តីរបស់​លោក Zhao បានចាប់ផ្តើមនា​ដើមសប្តាហ៍នេះ បន្ទាប់ពីរូបលោក​ត្រូវបានចាប់ខ្លួន កាលពីចុង​​ខែ​​កញ្ញា។ លោក Zhao បានប្រាប់​អាជ្ញាធរ​អាមេរិកថា លោកជាអ្នកលាង​ចានម្នាក់មក​ពីរដ្ឋ ញូជែស៊ី (New Jersey) និង​បានវង្វេង​ផ្លូវ​នៅ​ពេល​ដែលអាជ្ញាធរ​ប្រទះឃើញរូបលោក​ដើរក្បែរ​មូលដ្ឋានយោធា​អាមេរិក ហើយថត​រូបភាព។

បើតាម​ទីភ្នាក់ងារ FBI អាមេរិក នៅពេល​ចាប់ខ្លួន លោក Zhao គឺស្ថិតនៅអាមេរិក​ដោយខុស​ច្បាប់ ដោយ​ទិដ្ឋាការ​​របស់​លោក​បានផុតសុពលភាព​កាលពីមុន​សប្តាហ៍មុន។ បច្ចុប្បន្ន​ជនជាតិចិនរូប​នេះ កំពុងប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​ថតរូបភាព​​មួយករណី និង​ពីបទ​ទន្ទ្រានចូល​តំបន់ហាមឃាត់​មួយករណី។ ក្នុងករណី​អាក្រក់បំផុត លោក Zhao អាចជាប់​ពន្ធនាគារ​ ១៨ខែ ប្រសិនជាត្រូវតុលាការ​ផ្តន្ទាទោស ជុំវិញបទចោទប្រកាន់​ទាំងពីរ​ករណី។

គួរជម្រាបថា កាលពី​ឆ្នាំ២០១៤ ស្រ្តីជនជាតិ​អាមេរិកម្នាក់​ទាមទារបានប្រាក់​សងជំងឺចិត្ត​១.១២លានដុល្លារ បន្ទាប់ពី​​​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ដោយសារការ​ថតរូបភាព​​នៅឯមូលដ្ឋាន​ទ័ពអាកាស​ របស់កងកម្លាំងឆ្មាំការពារជាតិ​អាមេរិក។ បើតាម​សេចក្តី​​រាយការណ៍​ព័ត៌មានស្រ្តីរូបនោះ បាន​ថតរូបភាពឧទ្ធម្ភាគចក្រ​មានការតុបតែងមួយគ្រឿង ដែលគេដាក់​តាំង​បង្ហាញ​​សម្រាប់​វែបសាយគាំទ្រ​កងទ័ពដែល​គេហៅថា «Support Our Troop» នៅពេលទៅ​ទស្សនកិច្ចនៅ​បន្ទាយ​យោធា​មួយ​​កន្លែងនៅលើ​កោះ ឡងអាយឡេន (Long Island) ក្បែរទីក្រុងញូយ៉ក៕