(ម៉ូស្គូ)៖ ​យោធានៃប្រទេសរុស្ស៉ី នាថ្ងៃអង្គារនេះ បានប្រកាសពីភាពជោគជ័យ​ការធ្វើបាញ់សាកល្បង​មីស៊ីលប្រដេញ​ចម្ងាយឆ្ងាយប្រភេទ 3M-54 Kalibr (អង្គការ NATO ហៅថា SS-N-27 Sizzler) ដែលបាញ់ចេញពី​នាវាមុជទឹកដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ នៅឯសមុទ្រ Barent ភាគខាងត្បូងមហាសមុទ្រទឹកកកអាក់ទិច។ នេះបើតាមការដកស្រង់ការ​ផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។

​បើតាមយោធារុស្ស៉ី ការធ្វើតេស្តមីស៊ីលនេះ ដែលត្រូវបានធ្វើឡើងក្នុង​​ផ្នែកនៃការធ្វើសមយុទ្ធយោធា​របស់រុស្ស៉ី បាន​បាញ់ចំ​គោល​ដៅដូចការរំពឹងទុក ដែលស្ថិតនៅចម្ងាយប្រហែលពី​៧០០គីឡូម៉ែត្រពីគ្នា។ Kalibr គឺជា​ប្រភេទ​មីស៊ីល​ប្រដេញ​ចម្ងាយឆ្ងាយ​​ប្រឆាំងនាវា ដែលបំពាក់នៅលើនាវាចម្បាំងនិងក្នុងនាវាមុជទឹក។

គួរជម្រាបថា ប្រភេទមីស៊ីលនេះ មានសមត្ថភាព​វាយលុកដល់​គោលដៅ ស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ ដោយ​អាស្រ័យលើ​ការ​កែច្នៃបន្ថែមផ្សេងៗពីគ្នា និងអាចបំពាក់​ក្បាលគ្រាប់បានដល់ទម្ងន់៤៥០គីឡូក្រាម។ ស៊េរីមួយចំនួន​នៃមីស៊ីល Kalibr ក៏អាចឈានដល់ល្បឿនលឿនជាងសំឡេងថែមទៀតផង ដើម្បីអាចទម្លុះឆ្លងកាត់ការទប់ទល់​ពី​ប្រព័ន្ធការពារមីស៊ីល​នៃនាវារបស់សត្រូវ៕