(បាងកក)៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា នាថ្ងៃអង្គារនេះ បានទទូចឲ្យ​មេដឹកនាំ​​រដ្ឋាភិបាល​យោធា​​ថៃ​បច្ចុប្បន្នគឺ​​លោក ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង នៅមុនការចាប់ផ្តើមយុទ្ធនាការឃោសនា​រក​សំឡេង​ឆ្នោតនាពេល​ឆាប់ៗខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃ​អង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។

លោក អាប់ភីស៊ីត ដែលកំពុងដឹកនាំគណបក្សប្រជាធិបតេយ្យថៃ បានផ្តល់ការណែនាំឲ្យ​លោក ប្រាយុទ្ធ​ គួរតែធ្វើ​ជា​គំរូ​នៃការដឹកនាំល្អនៅលើឆាកនយោបាយ តាមរយៈការលាលែងពីតំណែងនាយករដ្ឋមន្រ្តី ដោយហេតុថា ​រូបលោកកំពុង​ត្រូវ​គណបក្សទើបបង្កើតថ្មី​​​ដោយសមាសភាពមន្រ្តីក្នុងជួររដ្ឋាភិបាលលោកឈ្មោះថា Palang Pracharath ពិចារណា​ជ្រើសរើសធ្វើជាបេក្ខភាពនាំមុខសម្រាប់តំណែង​នាយករដ្ឋ​មន្រ្តី​ នៅក្នុងការបោះឆ្នោត​សាកល ដែលត្រូវ​បាន​គ្រោង​ថា​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។

សម្រាប់លោក ប្រាយុទ្ធ ផ្ទាល់វិញ នាពេលកន្លងមកនេះ ពុំបានបញ្ជាក់ថា តើរូបលោកនឹងលាលែងឬមិនលាលែង​ចេញ​​ពីតំណែងនាយករដ្ឋមន្រ្តីឡើយ នៅមុនការបើកយុទ្ធនាការឃោសនាបោះឆ្នោត ដែលគេរំពឹងថានឹងចាប់ផ្តើម​ឡើង​​នៅ​ក្នុង​​ខែ​ធ្នូ​នេះ៕