(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីមន្ទីរបញ្ចកោណ បានឱ្យដឹងថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS John C. Stennis កំពុង ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឈូងសមុទ្រពែក្ស តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៉ីរ៉ង់បានបញ្ចេញនាវាពិឃាតដ៏ថ្មីសន្លាងមួយ គ្រឿងឈ្មោះ Sahand។ នេះបើតាម Wall Street Journal ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។

យោងតាម Wall Street Journal នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS John C. Stennis រួមទាំងនាវាចម្បាំងគាំទ្រ ជាច្រើនទៀត នឹងធ្វើដំណើរទៅដល់តំបន់ឈូងសមុទ្រពែក្ស ក្នុងពេលឆាប់ៗនេះ ដើម្បីបង្ហាញសាច់ដុំកំញើញកុំឱ្យអ៊ីរ៉ង់ ធ្វើអ្វីតាមទំនើងចិត្ត។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ នោះគឺថាការបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកនៅពេលនេះកើត មានឡើងនៅចំពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងផ្លោងសង្រ្គាមពាក្យសម្ដីដាក់គ្នាទៅវិញទៅមក ហើយវត្តមាននាវា ចម្បាំងនេះទៀតសោត ក៏នឹងបិទបញ្ចប់ផងដែរអវត្តមាននៃនាវាផ្ទុកយន្ដហោះចម្បាំង នៅក្នុងតំបន់អស់រយៈពេលជាង០២ ទសវត្សរ៍មកនេះ។

គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានចោទប្រកាន់ថាអ៉ីរ៉ង់ បាន បាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ បាញ់ដល់ផ្នែកខ្លះនៃទ្វីបអឺរ៉ុប និងតំបន់មជ្ឈិមបូព៌ាទាំងមូល។ តែខាងទីក្រុងតេហេរ៉ង់ មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ៕