​(ម៉ូស្គូ)៖ នៅពេល​ដែលបាតុកម្មដ៏ហិង្សា​ផ្ទុះឡើងកាលពីឆ្នាំ២០១៣ ក្នុងប្រទេស​អ៊ុយក្រែន បណ្ដាអ្នកវិភាគ និងមេដឹកនាំ​លោកខាងលិច​ជាច្រើន​សុទ្ធតែបានបង្ហាញ​ការគំាទ្រដល់ក្រុមបាតុករ​ប្រឆាំងអតីត​រដ្ឋាភិបាល ដែលស្និទ្ធនឹងរុស្ស៊ីរបស់អតីត​ប្រធានាធិបតីអ៊ុយក្រែន លោក វិកទ័រ យ៉ាណូកូវិច (Viktor Yanukovych)។ ប៉ុន្តែ​ស្របពេលរដ្ឋាភិបាល​បារាំង កំពុងប្រឈមមុខនឹង​មហាបាតុកម្ម ពួកគេបែរជា​បង្ហាញគោលជំហរ​ប្រឆាំង ចំពោះក្រុមបាតុករ​បារាំង​ទៅវិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន RT (Russian Today)​ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។

សារព័ត៌មាន​រុស្ស៉ី Russian Today នៅក្នុងអត្ថបទរបស់ខ្លួន​បានលើកឡើង​ទៀតថា កាលពីឆ្នាំ២០១៣ បណ្ដារដ្ឋាភិបាល​នៃលោកខាងលិចរួមមាន​ទាំងបារាំង បានថ្កោលទោស​យ៉ាងខ្លាំង​ ចំពោះវិធានការរបស់​រដ្ឋាភិបាលអ៊ុយក្រែនលើ​ក្រុមបាតុករ​ ហើយ​ថែមទាំង​ហៅក្រុមបាតុករអ៊ុយក្រែន​ជាក្រុមធ្វើបដិវត្តន៍​ទៀតផង។ ប៉ុន្តែ​ក្នុងពេលបច្ចុប្បន្ន​រដ្ឋាភិបាល និងអ្នកវិភាគលោកខាង លិខបែរជានាំគ្នាថ្កោលទោសក្រុមបាតុករអាវកាក់ពណ៌លឿង ហើយជម្រុញ​ឱ្យប្រធានាធិបតី​​បារាំង​លោក ម៉ាក្រុង ចាត់​វិធានការយ៉ាងម៉ឺងម៉ាត់​ទប់ទល់នឹងក្រុម​បាតុករ​ទៅវិញ។

លើសពីនេះ​ទៅទៀត បណ្ដាប្រព័ន្ធផ្សព្វផ្សាយ​អឺរ៉ុបខ្លះ ថែមទាំងហៅក្រុម​បាតុករបារាំង​ថាជាកុប្បករ ខណៈពួកគេធ្លាប់​ចាត់ទុកថា ក្រុមបាតុករអ៊ុយក្រែនជាអ្នកបដិវត្តន៍។

គួរបញ្ជាក់ថា សារព័ត៌មាន​រុស្ស៉ី Russian Today ក៏បានស្រង់មតិមួយ​ចំនួនរបស់អ្នក​លេង Twitter ផងដែរ ដោយមាន​អ្នកខ្លះបញ្ចេញមតិ​ថា កាលពីបាតុកម្ម​នៅក្នុងប្រទេស​ស៉ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ និងអ៊ុយក្រែន រដ្ឋាភិបាលលោក​ខាងលិចសុទ្ធតែគាំទ្រក្រុមបាតុករ​ហើយចាត់ទុកថា វាគឺជាបដិវត្តន៍ ចុះហេតុអ្វីនៅ​ពេលនេះពួកគេមិន​អាចចាត់ទុកថា បាតុកម្មនៅ​បារាំងជា​បដិវត្តន៍ដែរ៕​