​(ប៉ារីស)៖ ក្រុមបាតុករមួយចំនួន​មកពីក្រុមបាតុករ​អាវកាក់ពណ៌លឿង បានសម្រេចចិត្តមិនចូលរួមក្នុងកិច្ចចរចាជាមួយ នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអាដ ហ្វីលីព (Edouard Philippe) ដែលគ្រោងនឹងធ្វើឡើង​នៅថ្ងៃអង្គារនេះ។ នេះបើ​តាមការចេញផ្សាយ​ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។

ការសម្រេចចិត្ត​របស់ក្រុមបាតុករ​ខាងលើ ធ្វើឡើងបន្ទាប់​ពីពួកគេបានអះអាងថា ទទួលបានការ​គំរាមសម្លាប់ពី​សំណាក់ ក្រុមបាតុករ​ដទៃទៀត បើសិនជាហ៊ាន​ចូលអង្គុយចរចាជាមួយ​រដ្ឋាភិបាលប្រធានាធិបតី​លោក ម៉ាក្រុង។ ក្រុមបាតុករ​អាវកាក់​ពណ៌លឿង​បានដឹកនាំធ្វើ​បាតុកម្មតវ៉ាប្រឆាំង​នឹងសាំងឡើងថ្លៃ​ នៅទូទាំងប្រទេស​បារាំង តាំងតែពីពាក់​កណ្ដាល​​ខែវិច្ឆិកា​មកម្ល៉េះ ហើយបច្ចុប្បន្ន​ការតវ៉ានេះ កាន់តែមាន​សភាពធ្ងន់ធ្ងរ​ឡើង រីឯអំពើហិង្សា​បានផ្ទុះឡើង​ជាបន្តបន្ទាប់ ជាពិសេសនៅ​ទីក្រុងប៉ារីស​តែម្ដង។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​បារាំង មនុស្ស ០៣នាក់​ហើយបានបាត់បង់ជីវិត​នៅក្នុងបាតុកម្មតវ៉ា​របស់ក្រុមអាវកាក់​ពណ៌​លឿង គិតចាប់តាំងពី​ពាក់កណ្ដាល​ខែវិច្ឆិកាមក។ ដោយឡែក​កាលពី​ថ្ងៃចន្ទ នាយករដ្ឋមន្ត្រី​បារាំង លោក Edouard Philippe ក៏បានជួប​ពិភាក្សាជាមួយមេដឹកនាំ​គណបក្សប្រឆាំង​ផងដែរ ប៉ុន្តែនៅក្នុងជំនួប​នោះមេបក្សប្រឆាំង​ស្ដាំនិយម​លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បានព្រមានថា ប្រឈមមុខនឹង​វិបត្តិបច្ចុប្បន្ន លោក ម៉ាក្រុង អាច​នឹងក្លាយជា ប្រធានាធិបតី​បារាំងដំបូងគេ​បំផុត ដែលបញ្ជា​ឱ្យអាជ្ញាធរបាញ់​ប្រហារលើប្រជាជន​ខ្លួនឯង ក្នុងរយៈពេលជាង ៥០ឆ្នាំមក​នេះ៕