(ការ៉ាកាស់)៖ ប្រធានាធិបតី​តួកគី​លោក តាយយីព អឺដូហ្កាន់ បានរិះគន់​​យ៉ាងខ្លាំង​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់សហរដ្ឋអាមេរិក ប្រឆាំងប្រទេស​វេណេស៊ុយអេឡា ហើយថា​ការដាក់ទណ្ឌកម្មមិនមែនជាដំណោះស្រាយនោះ​ឡើយ។ នេះបើ​តាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។

លោក អឺដូហ្កាន់ ធ្វើការកត់​សម្គាល់បែបនេះនៅអំឡុង​បំពេញដំណើរទស្សនកិច្ច​ក្នុងទីក្រុង​ការ៉ាកាស់ នៅថ្ងៃចន្ទ​សប្ដាហ៍នេះ (ម៉ោងនៅ​ក្នុងតំបន់)។ លោក អឺដូហ្កាន់ បានគូសបញ្ជាក់​នាឱកាសនោះ​យ៉ាងដូច្នេះថា «បញ្ហា ឬវិបត្តិ​នយោបាយ​មិនអាច​ដោះស្រាយ​តាមរយៈការដាក់ទណ្ឌកម្ម​នោះទេ... ហើយយើងក៏មិន​យល់ស្របដែរ​​ចំពោះវិធានការ​បែបនេះ ដែលជា​ការ​មិនខ្វល់ទាល់​តែសោះ​ពីច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ»

គួរជម្រាបថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម​ជាច្រើន ប្រឆាំងនឹងក្រុមមន្ត្រីជាន់ខ្ពស់​ នៃរដ្ឋាភិបាលរបស់​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយចោទថា ពួកគេបានប្រព្រឹត្ត​អំពើពុករលួយ និងរំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ ប៉ុន្តែព្រមពេល​ជាមួយគ្នា ទំនាក់ទំនង​រវាងតួកគី និងសហរដ្ឋអាមេរិក​ក៏មិនសូវជាល្អ​ប៉ុន្មានដែរ ជាពិសេសជុំវិញ​ការទិញ​ប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី៕