(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រសួងការបរទេស​តួកគី បានសម្រេចចេញសារព្រមាន​ដល់ពលរដ្ឋ​​របស់​ខ្លួន​ ដែល​មាន​បំណង​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​​ប្រទេសបារាំង នៅចំពោះមុខការ​ផ្ទុះបាតុកម្មហិង្សា នៅឯរដ្ឋធានីប៉ារីស​ ព្រមទាំង​ទីក្រុងដទៃៗ​ទៀត៕

២៖ ក្រុមហ៊ុន​អាកាសចរណ៍ហ្វីជី (Fiji Airways) នាថ្ងៃចន្ទសប្តាហ៍នេះ បានធ្វើការទទួល​ស្វាគមន៍​​យន្តហោះ Boeing 737 MAX 8 គ្រឿងទីមួយ​ក្នុងចំណោម ០៥គ្រឿង ដែលខ្លួនបានកុម៉្មង់ទិញពីក្រុមហ៊ុន Boeing នៅឯអាកាសយានដ្ឋានអន្តរជាតិ Nadi នៃប្រទេសដីកោះតូចនេះ៕

៣៖ ​មានរឿង​គួរឲ្យអបអរមួយ​ទៀត​ហើយ សម្រាប់ទីភ្នាក់ងារ​អវកាសអាមេរិក NASA បន្ទាប់ពី​ការ​ចុះចត​ដោយ​ជោគ​ជ័យ​​​របស់​​យាន InSight នៅ​ភពអង្គារ (Mars) កាលពីអាទិត្យ​មុន ដោយនាថ្ងៃ​ចន្ទសប្តាហ៍នេះ យានស្រាវជ្រាវ​​មួយ​​​គ្រឿង​របស់ NASA នឹងទៅដល់​អាចម៍ផ្កាយ​ដែលជាគោលដៅរបស់វា​ហើយ ក្រោយការ​ធ្វើដំណើរ​អស់ជា​ច្រើនខែ៕

៤៖ កងទ័ពអាកាសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាមានរយៈពេល៥ថ្ងៃរបស់ខ្លួនហើយ បន្ទាប់ពីបានផ្អាកការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨នេះ៕

៥៖ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងប៉េកាំងបាន​​យល់ព្រមបន្ថយ​អត្រា​​ពន្ធ​លើរថយន្ត ដែលនាំចូលកាន់​ប្រទេសចិនពី​សហរដ្ឋអាមេរិកហើយ៕

៦៖ រដ្ឋាភិបាលទីក្រុង​អង់ការ៉ា និងអ៊ីស្លាម៉ាបាដ​បានព្រមព្រៀងគ្នា​ស្វែងរកម៉ាស៊ីនថ្មី​សម្រាប់​​ឧទ្ធម្ភាគចក្រ​​ប្រភេទ​​ប្រយុទ្ធ​​ចំនួន ៣០គ្រឿង ដែលត្រូវផលិត​ឡើងដោយតួកគី ក្រោយពីសហរដ្ឋអាមេរិក​បានសម្រេចបង្ខាំង​ការផ្គត់ផ្គង់ ដែល​​​ទំនង​ជា​​ការ​សង​សឹក​របស់​ទីក្រុង​​វ៉ាស៊ីនតោន ចំពោះការទិញប្រព័ន្ធមីស៊ីល S-400 ​ពី​រុស្ស៉ី៕