(អង់ការ៉ា)៖ ក្រសួងការបរទេស​តួកគី បានសម្រេចចេញសារព្រមាន​ដល់ពលរដ្ឋ​​របស់​ខ្លួន​ ដែល​មាន​បំណង​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​​ប្រទេសបារាំង នៅចំពោះមុខការ​ផ្ទុះបាតុកម្មហិង្សា នៅឯរដ្ឋធានីប៉ារីស​ ព្រមទាំង​ទីក្រុងដទៃៗ​ទៀត។ នេះ​បើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុង​សារព្រមាន​ខាងលើ ក្រសួងការបរទេសតួកគី​បានណែនាំឲ្យពលរដ្ឋ​តួកគីទាំងអស់ ដែលរស់នៅ ឬមាន​គម្រោង​ធ្វើ​ដំណើរចាកចេញទៅកាន់​ប្រទេសបារាំង គួរតែចៀស​វៀង​តំបន់នានា​ដែលមានការ​ធ្វើបាតុកម្ម ហើយនៅឲ្យឆ្ងាយ​ពី​​កន្លែងមានគ្រោះ​ថ្នាក់ផ្សេងៗ។

គួរជម្រាបថា ចលនាបាតុកម្ម​ដែលគេហៅថា «Yellow Vests Protest (បាតុកម្ម​អាវកាក់​ពណ៌​លឿង)» ​មាន​គោល​ដៅ​​បង្ហាញ​​​ការ​​ខឹង​សម្បារ​​​របស់​ប្រជាជន​បារាំង ប្រឆាំងនឹងការកើន​ឡើងនៃថ្លៃសាំង​ និងទំនិញនានា ហើយ​ការធ្វើបាតុកម្មដែលចាប់ផ្តើម​ឡើងដោយ​សន្តិវិធីនេះ បានប្រែក្លាយទៅ​ជាអំពើហិង្សាយ៉ាងកក្រើក​នៅទីក្រុងប៉ារីស ដែលបានបង្កឲ្យ​​មនុស្ស ​០៣នាក់ទៅ​ហើយស្លាប់ និងរាប់រយនាក់ទៀតរងរបួស៕​