(ស៊ូវ៉ា)៖ ក្រុមហ៊ុន​អាកាសចរណ៍ហ្វីជី (Fiji Airways) នាថ្ងៃចន្ទសប្តាហ៍នេះ បានធ្វើការទទួល​ស្វាគមន៍​​យន្តហោះ Boeing 737 MAX 8 គ្រឿងទីមួយ​ក្នុងចំណោម ០៥គ្រឿង ដែលខ្លួនបានកុម៉្មង់ទិញពីក្រុមហ៊ុន Boeing នៅឯអាកាសយានដ្ឋានអន្តរជាតិ Nadi នៃប្រទេសដីកោះតូចនេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងក្នុងពិធីទទួល​ស្វាគមន៍​យន្តហោះ​ដឹកអ្នកដំណើរ​ខាងលើ ដែលត្រូវគេដាក់​ឈ្មោះឲ្យថា «កោះកាដាវូ» លោក អាន់ដ្រេ វីលចូអេន (Andre Viljoen) ប្រធាន​គ្រប់គ្រង និងជានាយក​ប្រតិបត្តិ​របស់ Fiji Airways បានលើក​ឡើងថា Boeing MAX 8 គឺជាផ្នែកមួយ​​នៃ​គោលដៅរបស់​​ក្រុមហ៊ុនអាកាសចរណ៍​នេះ ក្នុងការបន្តភាព​រីកចម្រើនទៅមុខជា​រៀង​រាល់ឆ្នាំ។​

គួរជម្រាបថា Fiji Airways បានក្លាយជា​​ក្រុមហ៊ុន​អាកាសចរណ៍ជាតិដំបូង​គេ ក្នុងប្រទេសដីកោះនៅ​​តំបន់ប៉ាស៊ីហ្វិក​មួយ​នេះ ដែលមានយន្តហោះម៉ូដែល Boeing 737 MAX 8 ដែលជាផលិតថ្មី និងលក់ដាច់បំផុតរបស់ Boeing។ ​ក្រុមហ៊ុនអាកាសចរណ៍ Fiji Airways ផ្តល់សេវា ហោះហើរទៅកាន់ ១៣​​ប្រទេស និង ២៣ទីក្រុងនៅជុំវិញ​ពិភពលោក៕