(ហាណូយ)៖ ក្រុមហ៊ុនវៀតណាម​ដែលមានតម្លៃធំបំផុត​លើទីផ្សារ​ឈ្មោះថា Vingroup នឹងបញ្ចេញស្មានហ្វូត​ដំបូង​បំផុត​របស់ខ្លួនចំនួន ០៤ម៉ូដែល នៅសប្តាហ៍​ក្រោយ ដែលកំពុងបង្កការភ្ញាក់ផ្អើលខ្លាំង ក្នុងពិភពបច្ចេកវិទ្យាវៀតណាម។ នេះបើ​តាមការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មាន​ Reuters នៅរសៀល​ថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។

ក្រោមផ្នែក​​​នៃការប្រែក្លាយខ្លួន​ទៅជា ក្រុមហ៊ុន​បច្ចេកវិទ្យា និងឧស្សាហកម្មដ៏ធំមួយនៅ​វៀតណាម Vingroup ដែល​ធ្លាប់​តែផ្តោតសំខាន់​ទៅលើវិស័យ​អចលនទ្រព្យនោះ បានធ្វើសេចក្តី​ប្រកាសនា​ថ្ងៃចន្ទនេះថា ខ្លួននឹងបញ្ចញ​​ស្មាតហ្វូន​​ចំនួន ​០៤ម៉ូដែល នៅក្រោមឈ្មោះ​ម៉ាកសញ្ញា ឬ Brand «Vsmart»។ កាលពី០២ខែមុន ក្រុមហ៊ុននេះ​ទើបតែបានក្លាយ​ខ្លួនជាក្រុមហ៊ុនផលិត​រថយន្តក្នុងស្រុក​ដំបូងគេប៉ុណ្ណោះ​របស់វៀតណាម។

​បើតាម Vingroup ស្មាតហ្វូន Vsmart កំពុងស្ថិតក្រោម​ការផលិតនៅក្នុងរោងចក្រ​របស់ក្រុមហ៊ុន មានទីតាំង​នៅទីក្រុង ហៃហ្វុង (Haiphong) ភាគខាងជើងប្រទេស​វៀតណាម ដែលមាន​សមត្ថភាពផលិត​ទូរស័ព្ទដៃ​ប្រមាណ ០៥លានគ្រឿង​ក្នុង​មួយ​ឆ្នាំ​​សម្រាប់ដំណាក់​កាលដំបូង។

គួរជម្រាបថា ក្រុមហ៊ុន Vingroup នឹងត្រូវ​ប្រជែងរកភាព​ជោគជ័យ​សម្រាប់​ស្មាតហ្វូន​ថ្មីថ្មោងរបស់ខ្លួន នៅ​ក្នុង​ប្រទេស​​មាន​​ប្រជាជនរស់នៅប្រមាណ ៩៥លាននាក់នេះ ដែលគ្រប់ដណ្តប់ដោយ​ឥទ្ធិពលរបស់ Samsung និង Apple។ ​ក្រុម​ហ៊ុន Vingroup បានបញ្ជាក់​ទៀតថា រោងចក្រ​ផលិតស្មាតហ្វូន Vsmart នាថ្ងៃអនាគតក៏​នឹង​ធ្វើការផលិត​ Smart TV ​​ព្រមទាំងផលិតផល​វៃឆ្លាត (Smart Product) ដទៃៗទៀត​​ផងដែរ៕ ​