(សេអ៊ូល)៖ កងទ័ពអាកាសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាមានរយៈពេល៥ថ្ងៃរបស់ខ្លួនហើយ បន្ទាប់ពីបានផ្អាកការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។

បន្ថែមពីលើនេះ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក សមយុទ្ធផ្លូវអាកាសខាងលើ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាពប្រយុទ្ធ រួមទាំងការហោះហើររបស់កងទ័ពអាកាស។ ប៉ុន្តែព្រមពេលជាមួយគ្នា មិនទាន់មានការបញ្ជាក់ លម្អិតពីចំនួនកងទ័ព ឬយន្ដហោះចម្បាំងដែលត្រូវចូលរួមក្នុងលំហាត់សឹកនេះទេ។

គួរជម្រាបថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសម្រេចចិត្តផ្អាកការធ្វើសមយុទ្ធយោធាផ្លូវអាកាសរួមគ្នា Vigilant Ace ក្នុងឆ្នាំ២០១៨នេះ ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕