(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងប៉េកាំងបាន​​យល់ព្រមបន្ថយ​អត្រា​​ពន្ធ​លើរថយន្ត ដែលនាំចូលកាន់​ប្រទេសចិនពី​សហរដ្ឋអាមេរិកហើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌​មាន​រុស្ស៉ី Sputnik នៅរសៀល​ថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។

តាមរយៈបណ្តាញ​សង្គម Twitter​ លោក ដូណាល់ ត្រាំ បានបង្ហោះ​សារថា ចិនបានយល់​ព្រម​កាត់បន្ថយ​ពន្ធ​​​​​​​​លើ​​រថយន្តអាមេរិក ដែលនាំចូលទៅ​កាន់​ប្រទេសខ្លួន ខណៈអត្រាពន្ធ​បច្ចុប្បន្នគឺ ៤០ភាគរយ។​ សេចក្តីប្រកាសនេះ​​ត្រូវ​បាន​ធ្វើឡើង នៅចំពោះមុខ​ស្ថានការណ៍វិវត្តន៍ថ្មីៗ​ នៃទំនាក់ទំនង​​ពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ។ កាលពីថ្ងៃសៅរ៍​កន្លងទៅនេះ លោក ត្រាំ និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាន​ឯកភាព​គ្នាថា នឹងពុំមានការដំឡើងពន្ធ​សងសឹកគ្នា​​ទៀត​​ឡើយ ចាប់ពីឆ្នាំ​ក្រោយតទៅ ខណៈដែល​កិច្ចចរចា​រវាង​ប្រទេសទាំងពីរ​​ នឹងប្រព្រឹត្តទៅជា​បន្តបន្ទាប់។

គួរជម្រាបថា ទីក្រុងប៉េកាំង និង​ទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ក្នុង​សង្រ្គាម​​ពាណិជ្ជក​ម្ម​យ៉ាងក្តៅគគុក​ក្រោយពី​លោក ត្រាំ បានប្រកាស​ដាក់​ចេញនូវ​ការដំឡើងពន្ធលើផលិត​ផលដែកថែប និង​អាលុយមីញ៉ូម​កាលពីខែមីនា។ ​ភាពតានតឹង​​កាន់​តែបន្តពុះកញ្ច្រោល​ឡើង នៅចុង​ខែឧសភា នៅពេលរដ្ឋាភិបាល​អាមេរិក​បានប្រកាស​​ថា ទំនិញចិន​ទំហំ ​៥០​ពាន់​លាន​ដុល្លារ នឹងត្រូវរងការ​យកពន្ធ ២៥ភាគរយ ជាហេតុបង្ខំ​ឲ្យមានវិធានការ​ឆ្លើយតបភ្លាមៗ ពីសំណាក់​រដ្ឋាភិបាលទីក្រុង​ប៉េកាំង៕