(ដូហា)៖ រដ្ឋមន្ត្រីថាមពល​កាតា​លោក សាអាដ ហ្សែរីដា កាអាប៊ី (Saad Sherida Kaabi) បាន​ឱ្យដឹងថា ទីក្រុងដូហាមាន​បំណងដកខ្លួន​ ចេញពីអង្គការនៃបណ្ដា​ប្រទេសអ្នកនាំ​ចេញប្រេង (OPEC) នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ​ ហើយថានឹងធ្វើ​បទបង្ហាញពីការសម្រេចចិត្ត​នេះដល់​អង្គការ OPEC នៅថ្ងៃចន្ទ​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មានមួយ លោក Kaabi បានបន្ថែម​ដែរថា អង្គការ OPEC បានទទួល​ព័ត៌មាននេះ​ហើយ។ ប៉ុន្តែ​លោកមិន​បានបញ្ជាក់ពីមូលហេតុ​ នៃការសម្រេចចិត្ត​ដកខ្លួននេះ​ឡើយ ខណៈអង្គប្រេង​ដ៏ធំជាងគេនៅលើពិភពលោ​កមួយ​នេះ ត្រូវបានគេ​រំពឹងថានឹងអនុវត្ត​ការកាត់បន្ថយការ​ផលិតប្រេង ក្រោយកិច្ចប្រជុំ​មួយនៅក្នុង​ខែធ្នូនេះ។

គួរជម្រាបថា អង្គការ OPEC គឺជាអង្គការ​អន្តររដ្ឋាភិបាលត្រូវបានបង្កើត​ឡើង នៅឯសន្និសីទ​ក្នុងទីក្រុងបាកដាដ​ប្រទេស​អ៊ីរ៉ាក់ កាលពីថ្ងៃទី១០-១៤ ខែកញ្ញា ឆ្នាំ១៩៦០ ដោយប្រទេស​អ៉ីរ៉ាក់ អ៊ីរ៉ង់ គុយវ៉ែត អារ៉ាប៊ីសាអូឌីត និង​វេណេស៊ុយអេឡា។ កាតា​គឺជាប្រទេស​ដែល​ផលិតបានច្រើនបំផុតលំដាប់ទីប៉ុណ្ណោះ ១៧ នៅលើពិភពលោក ប៉ុន្តែសម្រាប់ឧស្ម័ន​ធម្មជាតិ ឬហ្គាសវិញ​ប្រទេសដ៏តូចនេះ​ជាប់លេខ ២ បន្ទាប់ពី​មហាយក្ស​រុស្ស៊ី៕