(អង់ការ៉ា)៖ រដ្ឋាភិបាលទីក្រុង​អង់ការ៉ា និងអ៊ីស្លាម៉ាបាដ​បានព្រមព្រៀងគ្នា​ស្វែងរកម៉ាស៊ីនថ្មី​សម្រាប់​​ឧទ្ធម្ភាគចក្រ​​ប្រភេទ​​ប្រយុទ្ធ​​ចំនួន ៣០គ្រឿង ដែលត្រូវផលិត​ឡើងដោយតួកគី ក្រោយពីសហរដ្ឋអាមេរិក​បានសម្រេចបង្ខាំង​ការផ្គត់ផ្គង់ ដែល​​​ទំនង​ជា​​ការ​សង​សឹក​របស់​ទីក្រុង​​វ៉ាស៊ីនតោន ចំពោះការទិញប្រព័ន្ធមីស៊ីល S-400 ​ពី​រុស្ស៉ី។ នេះបើតាម​ការដកស្រង់ការ​​ផ្សាយ​​​ចេញ​ពី​​សារ​ព័ត៌​មាន​រុស្ស៉ី Russia Today (RT) នៅរសៀល​ថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។

កាលពីខែកក្កដា​កន្លងទៅ តួកគី និងប៉ាគីស្ថានបានចុះកិច្ចព្រមព្រៀង​​ទិញ-លក់សព្វាវុធ​​ធំបំផុតមិនធ្លាប់​មានរវាង​ប្រទេស​​ទាំងពីរ ក្រោយការចរចា​អស់រយៈពេល ០៤ឆ្នាំ ដោយក្នុងនោះ​តម្រូវឲ្យក្រុមហ៊ុន​តួកគី Turkish Aerospace Industries (TAI) ផលិត​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ T129 ចំនួន ៣០គ្រឿង សម្រាប់ផ្គត់ផ្គង់​ឲ្យ​យោធា​​ប៉ាគីស្ថាន ក្នុងតម្លៃ​១.៥ពាន់លាន​ដុល្លារ។

យ៉ាងណាមិញ កិច្ចព្រមព្រៀង​​ខាងលើ​បានជួបឧបសគ្គរាំងស្ទះធំ​មួយ បន្ទាប់ពី​​ក្រុមហ៊ុន TAI មិនអាចទទួលបាន​​អាជ្ញា​ប័ណ្ណនាំ​ចេញពីក្រសួងការពារជាតិ​អាមេរិក ពីព្រោះថា​អាជ្ញាប័ណ្ណនេះ ត្រូវការចាំបាច់​សម្រាប់ផ្នែក​នានា​របស់ម៉ាស៊ីន​​ឧទ្ធម្ភាគចក្រ​ ដែលផលិតឡើង​ដោយអាមេរិក។ ម៉ាស៊ីន​ខាងលើនេះ គឺជា​ប្រភេទ LHTEC T800-4A ត្រូវបានផលិត​ឡើង​​រួម​គ្នាដោយ​ក្រុមហ៊ុនអាមេរិក Honeywell និង Rolls-Royce របស់​ចក្រភព​អង់គ្លេស។

ដោយសារតែ​បញ្ហារឿងអាជ្ញាប័ណ្ណនេះ​ ទំនងជាមិនអាច​ដោះស្រាយ​ទៅរួច ប៉ាគីស្ថាន និង​តួកគី បានឯកភាពគ្នា​ស្វែងរក​​ម៉ាស៊ីនថ្មីមក​ជំនួសវិញ ខណៈ​ក្រុមហ៊ុន​នៅបារាំង និងប៉ូឡូញ ត្រូវគេ​រាយការណ៍ថា កំពុងស្ថិតក្រោម​ការពិចារណា​ដើម្បី​ជ្រើសយក​ធ្វើជាអ្នក​ផ្គត់ផ្គង់។

គួរជម្រាបថា បើតាមមន្រ្តី​ការពារជាតិតួកគី ការរាំងខ្ទប់អាជ្ញាប័ណ្ណ​​របស់សហរដ្ឋអាមេរិក គឺជាការដាក់ពិន័យ​ទៅលើ​ទីក្រុងអង់ការ៉ា សម្រាប់ការទិញ​យកប្រព័ន្ធ​មីស៊ីល S-400 ពីប្រទេសរុស្ស៉ី ដោយផ្គើននឹង​​​ការព្រមានរបស់​​វ៉ាស៊ីនតោន​៕