(អាមេរិក)៖ មនុស្សសរុប ២៥នាក់បានទទួលរងរបួស និងអគារ-លំនៅឋានជាង ១០០ខ្នង រងការបំផ្លិចបំផ្លាញ ដោយសារតែព្យុះកំណាចថូរណាដូ (Tornado) បានវាយប្រហារ​រដ្ឋ​អ៊ីលីណយស៍ ភាគកណ្តាល​នៃសហរដ្ឋអាមេរិក កាលពីចុង​សប្តាហ៍មុន។ នេះបើតាម​ការចេញផ្សាយ​​ដោយសារព័ត៌មាន Sputnik នារសៀល​ថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។

យោងតាម​ទីភ្នាក់ងារ​តាមដាន​អាកាសធាតុ​​អាមេរិក ព្យុះកំណាចខាងលើនេះ​​បានបង្កការ​ខូចខាតធ្ងន់ធ្ងរខ្លាំងជាងគេ​នៅក្នុងទីក្រុង ថាយឡឺវាល (Taylorville) នៃរដ្ឋអ៊ីលីណយស៍ ហើយសាលារៀន និងអគារសាធារណ​ជាច្រើន តម្រូវឲ្យបិទទ្វារជា​បណ្តោះអាសន្ន​រហូតដល់ដើម​សប្តាហ៍នេះ ខណៈក្រុម​សង្គ្រោះ​កំពុងដឹកនាំ​ការ​សម្អាតកន្លែង​​រ​ងគ្រោះ​។

គួរបញ្ជាក់ថា កាលពីចុង​​សប្តាហ៍មុននេះ នៅក្នុងរដ្ឋ​អ៊ីលីណយស៍​ទាំងមូល មានព្យុះកំណាច​ថូរណាដូ (ខ្យល់កួចដ៏កំណាច) បានកើតឡើងរហូតដល់ទៅ ២២ទីតាំង​​ឯណោះ តែជាសំណាង​ល្អបំផុតដែលគ្មានមនុស្ស​ណាម្នាក់ រងគ្រោះបាត់បង់​ជីវិតនោះ​ឡើយ។ រំលឹក​កាលពី​ឆ្នាំមុន ព្យុះកំណាចដូចគ្នា​នេះបានកើតឡើងនៅរដ្ឋ​វីសខុនសិន (Wisconsin) ភាគខាងលិច​​សហរដ្ឋអាមេរិក បានសម្លាប់​​មនុស្សម្នាក់ និងបង្ករបួស២៥នាក់៕