​(ស៉ីរី)៖ កងទ័ពរដ្ឋាភិបាល​ស៉ីរី បានសម្លាប់ក្រុម​សកម្មប្រយុទ្ធ ISIS ចំនួន ២៧០នាក់ នៅអំឡុងធ្វើប្រតិបត្តិការវាយលុកមួយក្នុង ខេត្តអាល់ស៊ូវ៉ៃដា (Al-Suwayda) កាលពីពេលថ្មីៗនេះ។ នេះបើតាម​របាយការណ៍ពីក្រសួងការពារជាតិរុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។

ក្រសួង​ការពារជាតិរុស្ស៊ីបានបញ្ជាក់​ នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន​ដូច្នេះថា «នៅអំឡុងពេលបើកប្រតិបត្តិការ​វាយលុក កងទ័ព​រដ្ឋាភិបាល​ស៉ីរីបានសម្លាប់ក្រុម​សកម្មប្រយុទ្ធ ISIS ច្រើនជាង ២៧០នាក់ និងរឹបអូស​បានអាវុធជាច្រើន ក្នុងនោះរួមមានទំាង​មីស៊ីលប្រឆាំង​រថក្រោះ TOW ព្រមទាំងអាវុធមួយ​ចំនួនជាផលិតផល​បរទេស»។ សេចក្ដី​ថ្លែងការណ៍​បានបន្ថែម​ទៀតថា ក្រុមសកម្ម​ប្រយុទ្ធ ISIS ភាគច្រើន​មកពីតំបន់ អ៊ែតតាន់ (At-Tanf) ជាទីដែលយោធា​អាមេរិកកំពុង​ឈរជើង។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ កងទ័ពរដ្ឋាភិបាល​ស៉ីរីបានរំដោះផ្ទៃដី​ជាង ១,៣០០គីឡូម៉ែត្រក្រឡា ពីក្រុម​ភេរវករ ISIS​ នៅក្នុងខេត្ត Al Suwayda។ មួយ​រយៈចុងក្រោយនេះ កងកម្លាំងរដ្ឋាភិបាលស៊ីរី ដោយមាន​ការជួយជ្រោមជ្រែងពីរុស្ស៊ីនោះ បានទន្ទ្រាន​កាន់កាប់ទឹកដីពីក្រុម​ឧទ្ទាមប្រឆាំង​រដ្ឋាភិបាល និងក្រុមភេរវករ ISIS ត្រឡប់​មកវិញជា​បណ្តើរៗ ហើយ​ប្រជាជនស៊ីរី​ជាច្រើន​ក៏បានត្រឡប់មកកាន់​កន្លែង​ ដែល​ទើប​រំដោះនោះវិញផងដែរ៕