CNN ទម្លាយ៖ នៅមុនពេលស្លាប់ អ្នកកាសែត Khashoggi បានត្រៀមរៀបចំផែនការធំមួយ ដើម្បីប្រឆាំងមេដឹកនាំអារ៉ាប៊ីសាអូឌីត ដែលលោកចាត់ទុកជាបិសាច! (Video Inside)
03-12-2018 11:39
(ម៉ូស្គូ)៖ សារព័ត៌មានអាមេរិក CNN បានរាយការណ៍ថា មុនត្រូវបានគេសម្លាប់ អ្នកកាសែត ចាម៉ាសល់ ខានហូកជី (Jamal Khashoggi) ធ្លាប់បានពិភាក្សាពីគំរោងបង្កើតចលនាយុវជនមួយ នៅលើបណ្ដាញទំនាក់ទំនងសង្គម ដើម្បីប្រឆាំងនឹងការឃោសនារបស់រដ្ឋាភិបាលទីក្រុងរីយ៉ាដ ជាមួយជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់ទៀត តាមរយៈការប្រើប្រាស់ WhatsApp។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
ការចុះផ្សាយខាងលើរបស់សារព័ត៌មាន CNN ធ្វើឡើងដោយផ្អែកលើការទម្លាយសារ WhatsApp ជាង ៤០០ របស់លោក Khashoggi ដែលនៅក្នុងនោះបានបញ្ជាក់ថា អ្នកកាសែតរូបនេះ ធ្លាប់បានពិភាក្សាគំរោងបង្កើតចលនាយុវជនមួយ នៅលើបណ្ដាញទំនាក់ទំនងសង្គម ដើម្បីប្រឆាំងនឹងការឃោសនារបស់រដ្ឋាភិបាលទីក្រុងរីយ៉ាដ ជាមួយលោក អូម៉ារ អាប់ឌុឡាស៊ីស (Omar Abdulaziz) ដែលកំពុងរស់នៅជ្រកកោននៅក្នុងប្រទេសកាណាដា។
បន្ថែមពីលើនេះនៅក្នុងសារទាំងនោះ លោក Khashoggi ថែមទាំងបានរិះគន់យ៉ាងខ្លាំងក្លា លើការដឹកនាំរបស់ព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ិនសាល់ម៉ាន់ ដោយហៅទ្រង់ថា ជាបិសាចថែមទៀតផង។
គួរបញ្ជាក់ថា បើតាម CNN កាលពីខែសីហាកន្លងទៅ លោក Khashoggi និងលោក Abdulaziz បានដឹងថា សារសំងាត់របស់លោកបានទៅដល់ដៃអាជ្ញាធរអារ៉ាប៊ីសាអូឌីត ហើយកាលពីថ្ងៃអាទិត្យ លោក Abdulaziz បានដាក់ពាក្យប្ដឹងក្រុមហ៊ុនមួយដែលលោកជឿជាក់ថា ជាអ្នកនៅពីក្រោយការ Hack សារឆ្លើយឆ្លងរបស់ពួកលោក៕