(ប៉ារីស)៖ ប្រធានាធិបតី​បារាំង​លោក​ អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានបើកកិច្ចប្រជុំសន្តិសុខ​ជាបន្ទាន់​មួយ ដើម្បីរកវិធានការទប់ស្កាត់​ភាពចលាចល ដែលបង្កឡើង​ដោយបាតុកម្មប្រឆាំង​សាំងឡើងថ្លៃ ដឹកនាំ​ដោយក្រុមបាតុករ​អាវកាក់ពណ៌​លឿង ខណៈមនុស្សស្លាប់បានកើនដល់ ០៣នាក់​ហើយ នៅក្នុង​មហាបាតុកម្ម​ប៉ុន្មានសប្តាហ៍​មកនេះ ខណៈរាប់រយនាក់​ទៀត​រងរបួស ក្នុងនោះរួមទាំងកងកម្លាំង​ការពារសន្តិសុខផងដែរ។ នេះបើ​​តាម​ការចេញផ្សាយ​​ដោយសារព័ត៌មាន Channel News Asia នៅ​ព្រឹកថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុងកិច្ចប្រជុំ​កាលពីថ្ងៃអាទិត្យ ក្រុមរដ្ឋមន្ត្រីបារាំង​បាននិយាយថា ខណៈមិនមាន​ជម្រើសណាមួយ​ត្រូវបានដកចេញ ការប្រកាសដាក់​រដ្ឋក្នុងភាពអាសន្ន​​មិនត្រូវ​បានលើកយក​ពិភាក្សា​នោះទេ បើទោះជា​មានសេចក្ដីរាយការណ៍​ជាច្រើន​ថា រដ្ឋាភិបាល​លោក ម៉ាក្រុង នឹងពិចារណា​ដាក់ប្រទេសក្នុងភាព​អាសន្នក៏ដោយ។ ម្យ៉ាងវិញទៀត​ទោះបីជាមិន​ទាន់ រកឃើញ​ដំណោះស្រាយ​ក៏ដោយ ក្រុមមន្ត្រីរដ្ឋមន្ត្រី​ទាំងនេះ​នៅតែអំពានាវ ឱ្យក្រុមបាតុករ​អាវកាក់ពណ៌លឿង​ត្រឡប់មករក តុចរចា​ដោយសន្តិវិធី​វិញ ស្របពេល​លោក ម៉ាក្រុង បានថ្កោលទោស​យ៉ាងខ្លាំងចំពោះ​ក្រុមបាតុករ​មួយចំនួន ដែល​បានប្រើហិង្សា​ប្រឆាំងនឹង​អាជ្ញាធរបារាំង។

គួរបញ្ជាក់ថា បាតុកម្មប្រឆាំង​សាំងឡើងថ្លៃ និងគោលនយោបាយ​របស់លោក ម៉ាក្រុង ពីសំណាក់ក្រុមបាតុករ​អាវកាក់ពណ៌ លឿងបានឈាន​ចូលសប្ដាហ៍ទីបីកាលពីចុង​សប្តាហ៍មុននេះ។ បាតុកម្មតវ៉ា​បានផ្ទុះឡើងខ្លាំង​នៅក្នុងទីក្រុងប៉ារីស ជាទីដែល មនុស្ស ៤១២នាក់​ត្រូវបានចាប់ខ្លួន និង ៣៧៨នាក់នៅតែបន្ត​ជាប់ឃុំនៅឡើយ ខណៈ ១៣៣នាក់រងរបួស ដោយក្នុងនោះ ២៣នាក់​ជាកងកម្លាំងសន្តិសុខ​បារាំង។

លើសពីនេះ​ទៅទៀត អាជ្ញាធរបារាំងក៏បា​នឱ្យដឹងដែរថា មនុស្សប្រមាណ ១៣៦,០០០នាក់ ក្នុងនោះភាគច្រើន​បានធ្វើការតវ៉ាដោយសន្តិវិធី បានចូលរួមក្នុង​បាតុកម្មតវ៉ា​នៅទូទាំងប្រទេស​​កាលពីថ្ងៃសៅរ៍សប្តាហ៍មុន តែគេសង្កេតឃើញថា អំពើហិង្សាខ្លាំងក្លាបាន​កើតឡើង​តែនៅកណ្ដាលទីក្រុង​ប៉ារីសប៉ុណ្ណោះ រហូតដល់ប៉ូលិស​បង្ខំចិត្តប្រើប្រាស់កាណុង​បាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក​បង្ក្រាបក្រុម បាតុករមួយចំនួន​ដែលប្រដាប់ដោយ​ដំបង ឬជំពាម និងដុតបំផ្លាញ​រថយន្ដ​៕