​(ម៉ូស្គូ)៖ នៅអំឡុងកិច្ច​ប្រជុំកំពូលអន្តរជាតិ G20 ប្រចាំឆ្នាំនៅ​ឯប្រទេសអាហ្សង់ទីន​ កាលពីចុងសប្ដាហ៍​កន្លងទៅ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ មិនបានឈាន​ដល់ការឯកភាព​ឡើយស្ដីពីបញ្ហា​បម្រែបម្រួល​អាកាសធាតុ ជាមួយបណ្ដាមេដឹកនាំ​ពិភពលោក ១៩ ប្រទេសផ្សេង​ទៀត ដូច្នេះ​វាហាក់បីជាកិច្ចប្រជុំកំពូល G20 ប្រែក្លាយទៅជា G19 វិញនៅ​ក្នុងបញ្ហានេះ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។

កាលពីថ្ងៃសៅរ៍​កន្លងទៅ (ពេលវេលា​នៅអាមេរិក​ខាងត្បូង) បណ្ដា​មេដឹកនាំប្រទេស G20 បានចេញសេចក្ដីថ្លែងការណ៍​រួមមួយ ដោយផ្ដោតសំខាន់លើបញ្ហា​សំខាន់ៗ ក្នុងនោះរួមមាន​ពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ និង​ការអភិវឌ្ឍ ព្រមទាំង​កិច្ចព្រមព្រៀង​ស្ដីពីបញ្ហាបម្រែបម្រូល​អាកាសធាតុ ទីក្រុងប៉ារីស​កាលពីឆ្នាំ២០១៥ ជាដើម។ ប៉ុន្តែទន្ទឹមគ្នា​លោក ដូណាល់ ត្រាំ នៅតែការពារ​ការសម្រេចចិត្តរបស់​លោក ក្នុង​ការដក​សហរដ្ឋអាមេរិក​ចេញពីកិច្ចព្រមព្រៀង​នេះ​ដដែល។

គួរបញ្ជាក់ថា ក្រៅពី​សហរដ្ឋអាមេរិក ប្រទេសចំនួន ១៩ ផ្សេងទៀតមានដូចជា បារាំង ចិន រុស្ស៊ី អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន និង​អង់គ្លេសជាដើម​សុទ្ធតែអះអាង​ដូចគ្នាថា កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស​ស្ដីពីបម្រែបម្រួល​អាកាសធាតុ មិនអាចកែប្រែ​ជាថ្មី​នោះទេ ហើយ​ប្ដេជ្ញាចិត្ត​គោរព​ក៏ដូចជាអនុវត្ត​តាមកិច្ចព្រមព្រៀងនេះ​យ៉ាងពេញ​លេញ ដើម្បីថែ​រក្សានិរន្តរភាព​បរិស្ថាន​នៃភពផែនដី ដើម្បីឲ្យកូនចៅ​ជំនាន់​អាចបន្ត​រស់នៅដោយ​សុខសាន្ត