(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេស​​កូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong-ho) បានបញ្ចប់​ទស្សនកិច្ចនៅប្រទេស​វៀតណាមហើយ ក្រោយពី​បានជួបពិភាក្សា​ជាលក្ខណៈទ្វេភាគី ​ជាមួយថ្នាក់ដឹកនាំ​វៀតណាម​នៅអំឡុង​​ពេល​លោក និងគណៈប្រិភូ​កូរ៉េខាជើងស្ថិតនៅ​​​នៅក្នុងទីក្រុងហាណូយ ​កាលពីចុងសប្ដាហ៍មុននេះ។ នេះ​បើតាម KCNA ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។

យោងតាម​សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA​ នៅអំឡុងដំណើរ​ទស្សននោះ លោក Ri បានជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន​ ហ្សួនភុក (Nguyen Xuan Phuc) និងឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ (Pham Binh Minh) ប៉ុន្តែមិនបាន​បញ្ជាក់ លម្អិតពីប្រធានបទ​នៃកិច្ចពិភាក្សា​នោះឡើយ ខណៈមាន​សេចក្ដីរាយការណ៍​ថា លោក Ri និង​លោក Phuc បានផ្លាស់ប្ដូរ​យោបល់គ្នាពីកំណែទម្រង់​សេដ្ឋកិច្ច​វៀតណាម​ឈ្មោះ ដូយម៉ូយ (Doi Moi) ដែលត្រូវបានអ្នក​ជំនាញ​ខ្លះយល់ថា កូរ៉េខាងជើង​ចង់យកគំរូតាម។

គួរបញ្ជាក់ថា ក្រោយបញ្ចប់​ដំណើរទស្សនកិច្ចរយៈពេល ០៤ថ្ងៃ ក្នុងប្រទេស​វៀតណាម លោក Ri Yong-ho បានបន្តធ្វើដំណើរ​ទៅកាន់ប្រទេសស៉ីរី កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​ពុំ​មានសារព័ត៌មានណាមួយបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង​បញ្ជូនមន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ទៅកាន់ប្រទេសដែល​កំពុងហែកហួរដោយ​សង្គ្រាមនោះ នៅក្នុងគោលដៅ​អ្វីឡើយ៕