(ប៉ារីស)៖ ការប៉ះទង្គិចគ្នាដ៏ហិង្សារវាងប៉ូលិសបារាំង និងក្រុមបាតុករបានផ្ទុះឡើងដូចការរំពឹងទុកនៅថ្ងៃសៅរ៍នេះ ក្នុងទីក្រុងប៉ារីស ខណៈក្រុមបាតុករអាវកាក់ពណ៌លឿង បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាប្រឆាំងនឹងសាំងឡើងថ្លៃនៅសប្ដាហ៍ទី៣នេះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។

ជាមួយគ្នានោះ អាជ្ញាធរទីក្រុងប៉ារីស បានសម្រេចចិត្តដាក់ពង្រាយកងកម្លាំងប៉ូលិសរាប់ពាន់​នាក់បន្ថែមទៀតដើម្បីទប់ទល់នឹង បាតុកម្មតវ៉ានេះ ដែលកំពុងរីករាលដាលកាន់តែធំឡើង។ បន្ថែមពីលើនេះ នៅក្នុងការប៉ះទង្គិចគ្នានេះប៉ូលិសបារាំងក៏បានប្រើប្រាស់
ឧស្ម័នបង្ហូរទឹកភ្នែក និងឃាត់ខ្លួនមនុស្សជាង១០០នាក់ផងដែរ។

រយៈពេលពីរសប្តាហ៍​មកហើយដែលក្រុមអាវកាក់ពណ៌លឿង​នៅប្រទេសបារាំងបានចេញ​យុទ្ធនាការតវ៉ា និងបិទផ្លូវនានានៅទូទាំង ប្រទេស ដើម្បីប្រឆាំងទៅនឹងតម្លៃប្រេងសាំង​ឡើងថ្លៃ និងការរស់នៅរ​បស់ពួកគេ ដែលត្រូវចំណាយ​កាន់តែកើនឡើងពី​មួយថ្ងៃទៅ​មួយថ្ងៃ។ យុទ្ធនាការ​កាន់តែរីកធំឡើងនេះ ពិតជាការធ្វើតេស្ត​ដ៏ធំមួយចំពោះ​ការដឹកនាំ​​ប្រទេសរបស់លោកប្រធានាធិបតីបារាំង អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង ដែល​មានរយៈពេល ១៨ខែ​ទៅហើយនោះ។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន ក្រុមបាតុករមានគ្នីគ្នាសរុបរហូតទៅរាប់​ពាន់នាក់ ដែលត្រូវបានអាជ្ញាធរបារាំងអះអាងថា គ្មានមេដឹកនាំ​ចលនា ឬក៏មេខ្យល់អ្វីឡើយនោះ បានប្រមូលផ្តុំគ្នាក្នុងទីក្រុងប៉ារីស ដោយពួកគេយក​បណ្តាញទំនាក់ទំនងសង្គមនានា ធ្វើជាកន្លែង​ផ្តល់ព័ត៌មាន ប្រមែប្រមូលអ្នកតវ៉ា និងចាតចែង​ពេលវេលា ព្រមទាំងទីតាំង​ដែលត្រូវ​ប្រមូល​ផ្តុំគ្នាជាដើម៕