(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អតីតប្រធានាធិបតី​អាមេរិកលោក ចច ប៊ូស (George H.W. Bush) ដែលត្រូវជាឪពុក​​របស់អតីតប្រធានាធិបតី​មួយរូបទៀត គឺលោក ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush) នោះបាន​ទទួល​មរណភាពហើយ​ក្នុង​ជន្មាយុ ៩៤ឆ្នាំ៕

២៖ ក្រសួង​ការពារជាតិរុស្ស៊ីបានប្រកាសនៅ​ថ្ងៃសៅរ៍នេះថា ប្រព័ន្ធបាញ់​កម្ទេចមីស៊ីល​បាលីស្ទីកជំនាន់ថ្មី​ត្រូវបានធ្វើតេស្ត និងទទួល​ជោគជ័យហើយ នៅឯទីតាំង​​សាកល្បងមួយ​ក្នុងទឹកដីប្រទេសអាហ្សាក់ស្ថាន ជាប់ព្រំដែន​ភាគខាងត្បូងប្រទេសរុស្ស៊ី ខណៈ​ប្រភេទ ឬឈ្មោះ​ប្រព័ន្ធថ្មីនេះ​មិនទាន់ត្រូវបាន​បង្ហើបនោះឡើយ៕

៣៖ ​នៅទីបំផុត​កិច្ចប្រជុំកំពូលនៃបណ្តា​ប្រទេស-តំបន់សេដ្ឋកិច្ចធំៗ​នៅលើ​ពិភពលោក G20 ត្រូវបានប្រារព្ធឡើង​ជាផ្លូវការហើយ នៅទីក្រុង​ប៊ុយណូសអ៊ែរែស នៃប្រទេសអាហ្សង់ទីន ស្ថិតក្នុងតំបន់អាមេរិក​ខាងត្បូង៕

៤៖ នៅក្នុងឱកាស​​នៃកិច្ចប្រជុំ​កំពូល G20 នៅក្នុងរដ្ឋធានី​ប៊ុយណូសអ៊ែរែស ប្រទេស​អាហ្សង់ទីន​​នាចុងសប្តាហ៍​នេះ បណ្តាថ្នាក់​ដឹកនាំ​ប្រទេសធំៗ​ជាច្រើន​​មានឱកាស​ក្នុងការបង្កើត​​កិច្ចពិភាក្សា ជាលក្ខណៈ​ទ្វេភាគីផង និងត្រីភាគីផង ហើយក្នុងនោះ​ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង ក៏បានជួបពិភាក្សា​ទ្វេភាគី​ជាមួយព្រះអង្គ​ម្ចាស់រាជទាយាទ​អារ៉ាប៊ីសាអូឌីត មហាំម៉េដ ប៊ីនសាល់ម៉ាន់ ផងដែរ៕

៥៖ គ្រោះធម្មជាតិ​​រញ្ជួយផែនដី ដែលមានកម្រិត​រហូតដល់ ៧.២រ៉ិចទ័រ បានវាយប្រហារ​​​រដ្ឋអាឡាស្កា (Alaska) ភាគពាយ័ព្យ​​សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ១៖២៩នាទី​រំលងអធ្រាត ឈានចូល​ថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងប៉េកាំង)។

៦៖ អាជ្ញាធរទីក្រុងប៉ារីសបានសម្រេច ត្រៀមដាក់ពង្រាយកងកម្លាំងប៉ូលិសរាប់ពាន់​នាក់បន្ថែមទៀតដើម្បីទប់ទល់នឹងបាតុកម្ម ដែលនឹងផ្ទុះឡើងជាលើកទី ៣ នៅក្នុងថ្ងៃសៅរ៍​នេះ ដោយសារតែប្រជាជនបារាំងទាំងនោះមានការខឹងសម្បារទៅនឹងតម្លៃ ប្រេងសាំង​ឡើងថ្លៃខ្ពស់បំផុត​កម្រមាន៕