(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតី​អាមេរិកលោក ចច ប៊ូស (George H.W. Bush) ដែលត្រូវជាឪពុក​​របស់អតីតប្រធានាធិបតី​មួយរូបទៀត គឺលោក ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush) នោះបាន​ទទួល​មរណភាពហើយ​ក្នុង​ជន្មាយុ ៩៤ឆ្នាំ។ នេះបើតាម​សេចក្តីប្រកាស​​ពីការិយាល័យ​​របស់​លោក ចច ប៊ូស ដកស្រង់ដោយសារព័ត៌មាន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។

លោក ចច ប៊ូស ដែលមាន​ឈ្មោះពេញថា George Herbert Walker Bush គឺជាប្រធានាធិបតីទី ៤១ របស់សហរដ្ឋអាមេរិក ដែលបាន​កាន់​​អំណាច​ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣។ ការទទួលមរណភាព​ដោយវ័យជរារបស់លោកពេល​នេះ គឺបានកើតមាន​ឡើងតែរយៈពេល​ជាង ៥ខែប៉ុណ្ណោះ បន្ទាប់ពីភរិយា​របស់លោក គឺលោកស្រី បាបារ៉ា ប៊ូស (Babara Bush) បានទទួល​មរណភាព​កាលពីខែមេសា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤ កូនប្រុសរបស់​លោក George Bush គឺលោក George W. Bush បានរំលឹក និងកោតសរសើរ​អំពីស្នាដៃរបស់ឪពុក​ខ្លួន ដោយបាន​ហៅថា ជាអតីតប្រធានាធិបតី​អាមេរិក ដែលបានកាន់អំណាច​មួយអាណត្តិ ដ៏ល្អជាង​គេបំផុត។ លោក Goerge Bush បានទទួល​មរណភាពនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ ទីក្រុង ខែនណឺបាំងផត (Kennebunkport) រដ្ឋមែណេ (Maine) ភាគខាងកើត​​សហរដ្ឋអាមេរិក៕