(ប៉ារីស)៖ អាជ្ញាធរទីក្រុងប៉ារីសបានសម្រេច ត្រៀមដាក់ពង្រាយកងកម្លាំងប៉ូលិសរាប់ពាន់​នាក់បន្ថែមទៀត ដើម្បីទប់ទល់នឹងបាតុកម្មដែលនឹងផ្ទុះឡើងជាលើកទី ៣ នៅក្នុងថ្ងៃសៅរ៍​នេះ ដោយសារតែប្រជាជនបារាំងទាំងនោះមានការខឹងសម្បារ ទៅនឹងតម្លៃប្រេងសាំង​ឡើងថ្លៃខ្ពស់បំផុត​កម្រមាន។ នេះបើតាម​ការចេញផ្សាយដោយ Channel News Asia ដកស្រង់​ពីបណ្តាញព័ត៌មាន Reuters នាព្រឹក​ថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។

រយៈពេលពីរសប្តាហ៍​មកហើយ ដែលក្រុមអាវកាក់ពណ៌លឿង​នៅប្រទេសបារាំង បានចេញ​យុទ្ធនាការតវ៉ា និងបិទផ្លូវនានានៅទូទាំងប្រទេស ដើម្បីប្រឆាំងទៅនឹងតម្លៃប្រេងសាំង​ឡើងថ្លៃ និងការរស់នៅរ​បស់ពួកគេ ដែលត្រូវចំណាយ​កាន់តែកើនឡើងពី​មួយថ្ងៃទៅ​មួយថ្ងៃ។ យុទ្ធនាការ​កាន់តែរីកធំឡើងនេះ ពិតជាការធ្វើតេស្ត​ដ៏ធំមួយចំពោះ​ការដឹកនាំ​​ប្រទេសរបស់លោកប្រធានាធិបតីបារាំង អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង ដែល​មានរយៈពេល ១៨ខែ​ទៅហើយនោះ។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន ក្រុមបាតុករមានគ្នីគ្នាសរុបរហូតទៅរាប់​ពាន់នាក់ ដែលត្រូវបានអាជ្ញាធរបារាំងអះអាងថា គ្មានមេដឹកនាំ​ចលនា ឬក៏មេខ្យល់អ្វីឡើយនោះ បានប្រមូលផ្តុំគ្នាក្នុងទីក្រុងប៉ារីស ដោយពួកគេយក​បណ្តាញទំនាក់ទំនងសង្គមនានា ធ្វើជាកន្លែង​ផ្តល់ព័ត៌មាន ប្រមែប្រមូលអ្នកតវ៉ា និងចាតចែង​ពេលវេលា ព្រមទាំងទីតាំង​ដែលត្រូវ​ប្រមូល​ផ្តុំគ្នាជាដើម។

ប៉ូលិសបារាំង​នាគ្រានោះ​បានប្រើប្រាស់​កាណុងបាញ់ទឹក និងឧស្ម័ន​បង្ហូរ​ទឹកភ្នែក បាញ់​ដើម្បីបំបែក​ហ្វូងបាតុករ ហើយនៅសប្តាហ៍នេះ​​ការតវ៉ាត្រូវបានគេ​គណនាថា នឹងមានទំហំ​កាន់តែធំជាងសប្តាហ៍មុន ទើបអាជ្ញាធរសម្រេចបង្កើនកងកម្លាំង​ប៉ូលិស​ដល់ ៥,០០០នាក់ ដើម្បី​គ្រប់គ្រង​​ស្ថានការណ៍​ជារួម​នៅក្នុងទីក្រុងប៉ារីស ដោយ​កាលពី​សប្តាហ៍​មុននេះ ប៉ូលិសដែលត្រូវបាន​ដាក់ពង្រាយ​មានចំនួន​តែ ៣,០០០នាក់ប៉ុណ្ណោះ៕