(វ៉ាស៊ីនតោន)៖ តបតាមបទ​បញ្ជារបស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មន្ទីរការពារជាតិ​បញ្ចកោណ (Pentagon) កំពុងត្រៀម​ធ្វើការបញ្ជូនកងទ័ព​បន្ថែមទៀត ទៅកាន់តំបន់បណ្តោយ​ព្រំដែនអាមេរិក-ម៉ិចស៊ីកូ ក្នុងន័យទប់ស្កាត់​បទឧក្រិដ្ឋនានា និងលំហូរ​ជនអន្តោប្រវែសន៍​ខុសច្បាប់។ នេះបើ​តាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។

ការប្រកាសត្រៀម​ខ្លួនខាងលើនេះ គឺបន្ទាប់ពីសេចក្តីប្រកាស​នៃការដាក់ពង្រាយ ដែលបាន​ធ្វើឡើងកាលពី​ចុងខែតុលា កន្លងទៅនេះ​នឹងត្រូវផុតកំណត់​នៅក្នុងថ្ងៃទី១៥ ខែធ្នូ​ខាងមុខនេះហើយ។ សហរដ្ឋអាមេរិក​​មានយុទ្ធនាការក្នុង​ការទប់ស្កាត់ លំហូរជនភៀសខ្លួន​យ៉ាងកកកុញ ដែលបានធ្វើដំណើរ​មកពីតំបន់ទ្វីបអាមេរិក​ភាគកណ្តាល មកកាន់ព្រំដែន​ម៉ិចស៊ីកូ ក្នុងគោលបំណង​ឆ្លងចូលមកសុំសិទ្ធិ​ជ្រកកោណនៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​រដ្ឋបាល​លោក ដូណាល់ ត្រាំ បានបញ្ជាក់​​ហើយថា អ្នកណាចូលមក​​តាមផ្លូវស្របច្បាប់​នោះ​នឹងទទួលបាន​​សិទ្ធិ​ស្នាក់នៅ​ស្របច្បាប់ តែសម្រាប់អ្នក​ណា​លួចចូលមក​តាមផ្លូវខុស នោះនឹង​ត្រូវបញ្ជូន​ឲ្យ​ត្រឡប់​​ទៅស្រុកដើមវិញ។

គួរបញ្ជាក់ថា បើតាម​រដ្ឋមន្ត្រីការពារជាតិ​លោក ចេមស៍ ម៉ាត់ទីស បាន​អះអាងនោះ សហរដ្ឋអាមេរិក​​នឹងធ្វើការដាក់ពង្រាយ​ទ័ពបន្ថែម ៤,០០០នាក់ទៀត ពីលើ​ចំនួន​បច្ចុប្បន្ន​ដែលត្រូវបាន​ដាក់ពង្រាយរួចទៅ​ហើយចំនួន ៥,៩០០នាក់។ សម្រាប់​ការដាក់ពង្រាយ​នាពេលណា​ឲ្យប្រាកដនោះ ព័ត៌មាននឹង​ត្រូវប្រកាសនៅចុង​សប្តាហ៍នេះ ហើយ​ទាហាន​ទាំងនោះមិនមែន​ត្រឹមតែមានតួនាទី ការពារ​សន្តិសុខតាម​ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែពួកគេ​ត្រូវ​បានអនុញ្ញាតឲ្យបំពេញការងារផ្នែក​វិស្វកម្ម វេជ្ជសាស្ត្រ និងដឹកជញ្ជូន​ផងដែរ៕