(ប៉េកាំង)៖ គ្រោះធម្មជាតិ​​រញ្ជួយផែនដី ដែលមានកម្រិត​រហូតដល់ ៧.២រ៉ិចទ័រ បានវាយប្រហារ​​​រដ្ឋអាឡាស្កា (Alaska) ភាគពាយ័ព្យ​​សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ១៖២៩នាទី​រំលងអធ្រាត ឈានចូល​ថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងប៉េកាំង)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ ដកស្រង់​ទិន្នន័យពីមជ្ឈមណ្ឌល​បណ្តាញតាមដាន​​គ្រោះរញ្ជួយដីចិន (CENC) នាព្រឹក​ថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។

គ្រោះរញ្ជួយដី​ខាងលើនេះ មានជម្រៅញ័ររញ្ជួយពីក្នុងដី​ប្រមាណ ៤០គីឡូម៉ែត្រ ដែលបានវាយប្រហារ​តំបន់ឆ្នេរ នៃរដ្ឋអាឡាស្កា ដែលមាន​ចម្ងាយ ១៦គីឡូម៉ែត្រពីទីក្រុង អាន់ឆូរ៉េច (Anchorage) ដែលជាទីក្រុងធំ និងមានមនុស្ស​រស់នៅច្រើនបំផុត ប្រចាំរដ្ឋរបស់អាមេរិក ដែល​ស្ថិត​ជាប់តំបន់​ប៉ូលខា​ងជើងផែនដីមួយ​នេះ។

គួរបញ្ជាក់ថា ពីដំបូងឡើយ​ក៏មានការព្រមានពីរលក​យក្សស៊ូណាមិ ដែល​អាចកើតមាន​ផងដែរ ក្រោយគ្រោះរញ្ជួយដី​កើតមានឡើងភ្លាមៗ ប៉ុន្តែនៅ​រយៈជាង ២ម៉ោង​​ក្រោយមក អាជ្ញាធរអាមេរិក​បានដកការព្រមាន​នេះវិញ។ ពុំទាន់មាន​របាយការណ៍អំពីមនុស្ស​រងគ្រោះ​នោះឡើយ ប៉ុន្តែអគារ​សាធារណ លំនៅឋាន​ប្រជាជន និងអគារពាណិជ្ជកម្ម​ផ្សេងៗទៀត​បានទទួលរង​ការវាយប្រហារ នាំឲ្យមានការ​ខូចខាតយ៉ាងដំណំ​ផងដែរ។

រដ្ឋអាឡាស្កាត្រូវបាន​អ្នកតាមដានភូមិសាស្ត្រទូទាំង​សកលលោក​ដឹងថា ជាទីតាំង​​ស្ថិតនៅ​ជុំវិញតំបន់ខ្សែក្រវ៉ាត់​ភ្លើង (Ring of Fire) នៃមហាសមុទ្រ​ប៉ាស៊ីហ្វិក និងតែងតែ​កើតមាន​គ្រោះរញ្ជួយដីក្នុងកម្រិតធ្ងន់ធ្ងរ​ជរៀងរាល់ឆ្នាំ។ កាលពី​ឆ្នាំ១៩៦៤ គ្រោះរញ្ជួយដី​កម្រិតធ្ងន់បំផុត​​រហូតដល់ ៩.២រ៉ិចទ័រ បានបង្កទៅជារលកយក្សស៊ូណាមិ និងផ្តាច់ជីវិតជនជាតិ​អាមេរិក ១៣៩នាក់​ឯណោះ៕