(ប៊ុយណូសអ៊ែរែស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau និង​ប្រធានាធិបតី​ម៉ិចស៊ីកូ លោក Enrique Pena Nieto ទីបំផុតបានចុះកិច្ចព្រមព្រៀង​​ពាណិជ្ជកម្មថ្មីមាន​ឈ្មោះ​​ពេញ​ថា U.S. Mexico Canada Agreement ឬហៅកាត់ថា USMCA នាឱកាសចូលរួមកិច្ចប្រជុំ G-20 នៅឯរដ្ឋធានីប៊ុយ​ណូស​អ៊ែរែស​នៃប្រទេសអាហ្សង់ទីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Al Jazeera នៅ​យប់​ថ្ងៃ​សុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមការបញ្ជាក់របស់លោក ត្រាំ ​ប្រទេសទាំង០៣នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន​ពីកិច្ចព្រមព្រៀងនេះ ដែល​ត្រូវរូបលោកចាត់ទុកថា អាចជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្មធំជាងគេបង្អស់។ កិច្ចព្រមព្រៀង USMCA នឹងត្រួវ​ជំនួស​​​​កិច្ច​​ព្រមព្រៀងពាណិជ្ជកម្មសេរី​ប្រចាំតំបន់អាមេរិកខាងជើង ហៅកាត់ថា ​NAFTA ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ​១៩៩៤ ដើម្បីបង្កើតតំបន់ធ្វើពាណិជ្ជកម្មដោយសេរីរវាង​ប្រទេសទាំង០៣។ យ៉ាងណាមិញ កិច្ចព្រមព្រៀងថ្មីនេះ នឹង​ត្រូវ​​ការការផ្តល់សច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិ​នៃប្រទេសទាំង០៣ ទើប​អាចចូលជាធរមានបាន។

គួរជម្រាបថា កិច្ចព្រមព្រៀង USMCA បានលេចឡើងជាលើកដំបូងកាលពីដើមខែតុលា ពោលគឺនៅប៉ុន្មានខែបន្ទាប់​ពី​​​ លោក ដូណាល់ ត្រាំ បានដំឡើងពន្ធនាំចូលផលិតផលដែកថែបនិងអាលុយមីញ៉ូមលើ​ម៉ិចស៊ីកូនិងកាណាដា ដោយ​ទង្វើនេះបានបង្ខំឲ្យមានការចាត់វិធានការឆ្លើយតបដូចគ្នា ព្រមទាំងការចរចាយ៉ាងតានតឹង ដើម្បីបង្កើតកិច្ចព្រមព្រៀង​​ពាណិជ្ជកម្មថ្មី៕