(ប៉េកាំង)៖ យោធាចិនបានបញ្ជូនក្រុមនាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូង បន្ទាប់ពីយោធា​អាមេរិក​ប្រចាំ​តំបន់ប៉ាស៊ីហ្វិក បានបញ្ជូននាវាចម្បាំងបំពាក់មីស៊ីលប្រដេញ USS Chancellorville មកក្បែរបរិវេណប្រជុំកោះ​មាន​ជម្លោះ Paracel។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

​​បើតាមអ្នកនាំពាក្យ​ក្រសួងការបរទេសចិន លោក Geng Shuang នាវាចម្បាំងអាមេរិក បានចូលក្នុងដែនទឹករបស់​ចិន​ ដោយពុំមានការអនុញ្ញាត ខណៈ​យោធាចិនបានបញ្ជូននាវាចម្បាំងមួយចំនួន ដើម្បីឃ្លាំមើលសកម្មភាពក៏ដូច​ព្រមាន​ឲ្យ​នាវាអាមេរិកចាកចេញទៅវិញ។ លោក Shuang បានគូសបញ្ជាក់ថា ទីក្រុងប៉េកាំង ស្នើឲ្យអាមេរិកបញ្ឈប់សកម្មភាព​បង្កហេតុបែបនេះជាបន្ទាន់ ព្រោះវារំលោភ​អធិបតេយ្យភាពនិង​គំរាមកំហែងសន្តិសុខចិន។

គួរជម្រាបថា ក្រៅពីចិន ប្រជុំកោះ Spratly និង Paracel ដែលស្ថិតក្នុងចំណោមតំបន់មានវិវាទញឹកញយជាង​គេ នៅ​សមុទ្រចិនខាងត្បូង​ ក៏ត្រូវបានទាមទារចំណែកដោយ​តៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីនផងដែរ​។ ​សម្រាប់ការចល័តនាវាចម្បាំង​និងពេលខ្លះសូម្បីតែ​យន្តហោះទម្លាក់គ្រាប់បែកអាមេរិកមកសមុទ្រចិនខាងត្បូង គឺជា​ការ​​ប្រឆាំងរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការទាមទារ​របស់ទីក្រុងប៉េកាំងទៅលើតំបន់នេះ៕