(គូឡាឡាំពួរ)៖ រដ្ឋមន្ត្រីដឹក​ជញ្ជូន​ម៉ាឡេស៉ី លោក អាន់ថូនី លូកស៊ូហ្វូក (Anthony Loke Siew Fook) បាននិយាយថា នៅថ្ងៃសុក្រនេះ​រដ្ឋាភិបាល​ម៉ាឡេស៉ី​បានត្រៀម​ខ្លួនជានិច្ច ដើម្បីបើកប្រតិបត្តិការ​តាមស្វែងរកយន្ដហោះ MH370 របស់ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines តែតម្រូវឱ្យមាន​ភស្ដុតាងថ្មី​ៗដែលត្រូវបាន​រកឃើញនេះ មានភាពគួរឱ្យទុកចិត្ត​បានជា​មុនសិន។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Siew Fook ធ្វើការកត់​សម្គាល់បែបប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពីមាន​ការប្រគល់បំណែកមួយ​ចំនួន ដែលគេជឿជាក់ថា​ជារបស់ MH370 ហើយលោកក៏​បានអះអាងដែរថា រដ្ឋាភិបាលម៉ាឡេស៊ី មិនដែលបោះបង់​ចោលលទ្ធភាព​ ក្នុងការតាមស្វែងរក​យន្ដហោះនេះ​ជាថ្មីឡើយ។

រដ្ឋមន្ត្រីដឹក​ជញ្ជូនម៉ាឡេស៉ី​រូបនេះ បានលើក​ឡើងយ៉ាងដូច្នេះថា «យើងមិនដែល​បានបោះបង់ចោល​លទ្ធភាព ក្នុងការតាមស្វែងរក​យន្ដហោះនោះទេ... ដូច្នេះបើសិន​ជាអាជ្ញាធររបស់​យើងគិតថា វាមានភស្ដុតាង​ថ្មីនេះគួរទុកចិត្តបាន នោះយើងនឹង បើកប្រតិបត្តិការ​តាមស្វែងរក​ឡើងវិញ»។

គួររំលឹកថា ជើងហោះហើរ MH370 របស់ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines បានបាត់ខ្លួន​ដោយអាថ៌កំបាំងជាមួយ មនុស្សជិះនៅលើ​យន្ដហោះនេះទាំងអស់ ២៣៩នាក់ ក្នុងដំណើរផ្លូវ​ពីទីក្រុង​គូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤៕