(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារ​អវកាស​អាមេរិក NASA នាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ បានប្រកាស​​ចាប់ដៃគូ​ជាមួយក្រុមហ៊ុន​​អាមេរិក​ចំនួន ០៩ ក្នុងអភិវឌ្ឍន៍​​យាន​រ៉ូបូតចុះចតនៅ​ឋានព្រះច័ន្ទ សម្រាប់​ទសវត្សរ៍ខាងមុខ (ឆ្នាំ២០២៣)។ នេះបើតាម​ការដកស្រង់​​ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

​NASA នឹងទិញ​យកចន្លោះទំនេនៅលើ​យានរ៉ូបូត​របស់​ក្រុមហ៊ុន​ឯកជនទាំងនោះ ដើម្បីដឹកនាំសម្ភារៈនានា​របស់ខ្លួនទៅកាន់​ផ្ទៃព្រះច័ន្ទ នៅក្នុងបេសកកម្ម​ដែលអាចចាប់ផ្តើមលឿន​បំផុតគឺនៅឆ្នាំ​ក្រោយ (ឆ្នាំ២០១៩)។ បើតាម​​អង្គការ NASA ក្រុមហ៊ុន​ទាំងនោះ មានសិទ្ធិធ្វើ​ការ​​​​ប្រកួត​​​ប្រជែង​​​​​គ្នា​សម្រាប់កិច្ច​សន្យាតម្លៃ​២.៦ពាន់លានដុល្លារ​។

គម្រោងចាប់ដៃគូនេះ​មានឈ្មោះថា Commercial Lunar Payload Services ឬ CLPS ដែលស្ថិតក្នុង​គម្រោងបស់ NASA ក្នុងការបញ្ជូនមនុស្ស​ទៅគោចរជុំវិញ​ព្រះច័ន្ទ ដែលចាប់ផ្តើម​ពីឆ្នាំ២០២៣ និងនាំយកអវកាសយានិក​​ទៅលើ​ផ្ទៃ​ព្រះច័ន្ទ​​មិន​ឲ្យលើសពី​២០២៩។ អង្គការ NASA បានបញ្ជាក់​ទៀតថា បេសកកម្មទាំង​អស់នេះ​នឹងអាច​ជួយ​ផ្តល់​ព័ត៌មាន​អំពី​​ប្រព័ន្ធរ៉ុក្កែត និងយានអវកាស ដែលខ្លួន​កំពុងអភិវឌ្ឍន៍​ដើម្បីបញ្ជូនមនុស្ស​ទៅកាន់​​ឋានព្រះច័ន្ទ នៅ​ទសវត្សរ៍​បន្ទាប់​ខាង​មុខនេះ។

គួរជម្រាបថា ក្រុមហ៊ុនទាំង​ ០៩ ខាងលើ​រួមមាន Astrobotic, Deep Space Systems, Firefly Aerospace, Intuitive Machines, Lockheed Martin, Mastern Space Systems, Moon Express, Draper និង Orbit Beyond ដែល​សុទ្ធតែ​មាន​គម្រោងបញ្ជូនយាន​ទៅចុះចតនៅលើ​ផ្ទៃព្រះច័ន្ទ។ ប្រធាន​អង្គការ NASA បានលើក​ឡើងថា ទោះបីជាមិនអាច​​ធានាទាំងស្រុងថា បេសកកម្ម​របស់ក្រុមហ៊ុន​ទាំងនេះ​នឹងទទួលបាន​ជោគជ័យទាំងអស់​ក៏ដោយ ពួកវាសុទ្ធ​តែមាន​សារៈសំខាន់​ស្មើៗគ្នា៕