(វ៉ាស៊ីនតោន)៖ យោធាអាមេរិកនាថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថាខ្លួន​នឹងដាក់ឲ្យដំណើរការនូវ​នាវាពិឃាត​ថ្មីបំផុត ដែលមានបំពាក់មីស៊ីលប្រដេញ ឈ្មោះថា USS Thomas Hudner ក្នុងសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ពិធីដាក់ឲ្យដំណើរការនាវាចម្បាំងខាងលើ ត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនៅឯទីក្រុង Boston នៃរដ្ឋម៉ាសាឈូសេត (Massachusetts) នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។ នាវានេះនឹង​ក្លាយជានាវាពិឃាត​ប្រភេទ​ Arleigh Burke-class ទី៦៦ ដែលមានសមត្ថភាពវាយប្រហារគោលដៅនៅលើទីអាកាស លើដី និងក្រោម​ផ្ទៃ​ទឹកបានក្នុងពេលតែមួយ។

គួរជម្រាបថា នាវាពិឃាត Thomas Hudner បានយកឈ្មោះតាមអតីត​អាកាសយានិកនៃទ័ពជើងទឹកអាមេរិក​ម្នាក់ ដែល​មានឈ្មោះពេញថា Thomas J. Hudner Jr. ដែលទទួលបានមេដាយក៏ខ្ពង់ខ្ពស់​ Medal of Honor ពី​អតីត​ប្រធានាធិបតី​អាមេរិក លោក Harry S. Truman កាលពីឆ្នាំ១៩៥១។ លោក Hudner បានទទួលមរណភាពកាលពីឆ្នាំ២០១៧ ក្នុងវ័យ​៩៣ឆ្នាំ៕