(បរទេស)៖ ការវាយប្រយុទ្ធគ្នា​អស់រយៈពេលជាង ៤ឆ្នាំកន្លះ​មកនេះ នៅ​ឯតំបន់​ភាគ​ខាងកើតប្រទេសអ៊ុយក្រែន​ បានផ្ដាច់ជីវិត​មនុស្សច្រើនជាង ១០,០០០នាក់ ហើយវាបាន​បណ្ដាលឱ្យសេដ្ឋកិច្ច​អ៊ុយក្រែន​​រងការខូចខាត​យ៉ាងដំណំ ខណៈរុស្ស៊ីត្រូវជាប់ទណ្ឌកម្មសេដ្ឋកិច្ច​យ៉ាងសន្ធាប់ ​ពីសំណាក់បណ្ដាប្រទេស​លោកខាងលិច ជាពិសេសគឺ​សហរដ្ឋអាមេរិក។ ប៉ុន្តែ​បច្ចុប្បន្នជម្លោះ​ដោយប្រយោល​រវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានមជ្ឈដ្ឋាន​ខ្លះយល់ថា អាចផ្ទុះឡើងជា​សង្រ្គាមដោយបើកចំហ បន្ទាប់ពីទូក​ជាច្រើន គ្រឿងរបស់ប្រទេស​ទាំងពីរប៉ះទង្គិចគ្នា​ នៅឯដែនសមុទ្រ​នៃឧបទ្វីបគ្រីមៀ។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន រុស្ស៊ីបានរឹបអូសទូកអ៊ុយក្រែន​ចំនួន ០៣គ្រឿង និងឃុំខ្លួននាវិក​ចំនួន ២៤នាក់ ដោយចោទថាពួកគេបានចូលក្នុង​ដែនទឹក​របស់​រុស្ស៊ីដោយខុសច្បាប់ នៅឯច្រក​សមុទ្រ Kerch ដែលតភ្ជាប់​សមុទ្រ Azov ជាមួយសមុទ្រខ្មៅ​នៃតំបន់ឧបទ្វីប​គ្រីមៀ។ ចំណែកឯ​ជាការឆ្លើយ​តបប្រធានាធិបតី​អ៊ុយក្រែន លោក Petro Poroshenko បានប្រកាស​ដាក់យោធាឱ្យស្ថិត​នៅក្នុងស្ថាន ភាព​ប្រុងជើងការ​ខ្ពស់ ជាមួយការដាក់ឱ្យ​ប្រើច្បាប់អាជ្ញាសឹក​រយៈពេល ៣០ថ្ងៃ និងព្រមានថា សង្រ្គាម​ទ្រង់ទ្រាយធំ​ជាមួយទីក្រុង​ម៉ូស្គូ អាចនឹងផ្ទុះឡើង បើមានការ​ឈ្លានពីណាមួយ​ពីសំណាក់​រុស្ស៊ី។

* ដើមរឿងនៃជម្លោះកាលពីពេលថ្មីៗនេះ

ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន​ក្នុងការដណ្ដើម​គ្រប់គ្រងសមុទ្រ Azov Sea និងច្រកសមុទ្រ Kerch ដែលតភ្ជាប់​ផ្លូវទឹកដ៏សំខាន់ទៅកាន់សមុទ្រខ្មៅ​ មិនមែនជារឿងថ្មីថ្មោង​នោះទេ។ ពោលគឺវាបានផ្ទុះ​ឡើងតាំងតែពី​ឆ្នាំ២០០៣ ជាឆ្នាំដែល​លោក ពូទីន ជាប់​ឆ្នោតជា​ប្រធានាធិបតីរុស្ស៉ីជាលើក​ដំបូងមកម្ល៉េះ តែវាបានធូរ​ស្រាលឡើងវិញក្នុង​ឆ្នាំដដែល ក្រោយមាន​កិច្ចព្រមព្រៀងទ្វេភាគី​មួយដែលចែង​ថា ប្រទេសទាំងពីរ​អាចប្រើច្រក​សមុទ្រ Kerch និង Azov សម្រាប់ការដឹកជញ្ជូន​ពាណិជ្ជកម្ម និងត្រូវជូន​ដំណឹង គ្នាជាមុនក្នុងករណី​មានការបញ្ជូន នាវាយោធា​ណាមួយនៅ​ក្នុងតំបន់។

ប៉ុន្តែ​ភាពតានតឹង​រវាងអ៊ុយក្រែន និងរុស្ស៊ី ចេះតែកើនឡើង​ជាលំដាប់ក្នុងឆ្នាំ២០១៨​នេះ បានចាប់ផ្ដើម​បិទច្រក​សមុទ្រ Kerch និង Azov រារាំងដល់​ការធ្វើចរាចរណ៍របស់កប៉ាល់ធំៗ ចូលទៅកាន់​កំពង់ផែ Mariupol និង Berdyansk របស់​អ៊ុយក្រែន តាមរយៈការ​កប៉ាល់ដឹកប្រេងដ៏​ធំមួយ ដាក់នៅពីក្រោម​ស្ពានដែល​ជាច្រកចូលតែ​មួយគត់។ ចំណែកឯ​រុស្ស៊ីក៏បានចោទ​ប្រកាន់​វិញដែរថា អ៊ុយក្រែន​បានរំលោភបំពាន​លើវានារុស្ស៊ី ហើយថាការ​ត្រួតពិនិត្យរាល់នាវា ឬកាប៉ាល់អ៊ុយក្រែន​គឺជាត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ និងចាំបាច់​ត្រូវធ្វើដើម្បីការពារ​សន្តិសុខ​សមុទ្រ។

យ៉ាងណា​ក៏ដោយ រដ្ឋាភិបាល​ទីក្រុងកៀវ​បានអះអាងថា ការបិទច្រក​សមុទ្រ Kerch ពីសំណាក់ទីក្រុងម៉ូស្គូ​បានធ្វើឱ្យខ្លួន​ខាតបង់​សេដ្ឋកិច្ច ៣០ភាគរយ ស្របពេល​ការនាំចេញ​តាមរយៈកំពង់ផែ Mariupol ធ្លាក់ចុះអស់ ៦ភាគរយ ហើយការនាំ​ចេញនៅឯ​កំពង់ផែ Berdyansk ធ្លាក់​ចុះអស់ ១២.៣ភាគរយ។ លើសពីនេះ​ទៅទៀត ទីក្រុងកៀវ​បានថ្កោលទោស​ទីក្រុងម៉ូស្គូ​យ៉ាងខ្លាំង សម្រាប់ការ​សាងសង់ស្ពានមួយ​ តភ្ជាប់ពីរុស្ស៊ី​ទៅកាន់តំបន់​គ្រីមៀ ហើយដែលស្ពាន​នេះទៀតសោតត្រូវបានគេមើល​ឃើញថា មាន​កម្ពស់ទាប ពិបាកនឹងឱ្យ​កប៉ាល់ធំៗ​ខ្លះឆ្លងកាត់​ទៀតផង។

* តើមានអ្វីកើតឡើងកាលពីថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា?

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន រុស្ស៊ីបានរឹបអូសទូកអ៊ុយក្រែន​ចំនួន ០៣គ្រឿង និងឃុំខ្លួន​នាវិកចំនួន ២៤នាក់ ដោយចោទប្រកាន់ពួកគេថា បានចូលក្នុងដែនទឹក របស់រុស្ស៊ីដោយខុសច្បាប់នៅឯ​ច្រកសមុទ្រ Kerch ដែលតភ្ជាប់សមុទ្រ Azov ជាមួយសមុទ្រខ្មៅ​ នៃតំបន់ឧបទ្វីបគ្រីមៀ។ តែអ៊ុយក្រែន​បានបដិសេធ និង​ស្នើឱ្យ​​អន្តរជាតិបង្កើន​ការដាក់សម្ពាធ​ ព្រមទាំងទណ្ឌកម្ម​បន្ថែមទៀតប្រឆាំងនឹង​ទីក្រុងម៉ូស្គូ។ លើស​ពីនេះទៅ​ទៀត ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko ថែមទាំងបាន​ប្រកាសដាក់យោធា​ឱ្យស្ថិតនៅក្នុង​ស្ថានភាពប្រុង ជើងការ​ខ្ពស់ ជាមួយការដាក់ឱ្យប្រើ​ច្បាប់អាជ្ញាសឹក​រយៈពេល ៣០ថ្ងៃ នៅតាមតំបន់​ព្រំដែនជាប់​ជាមួយ​រុស្ស៉ី។

* អ៊ុយក្រែន​ស្នើឱ្យណាតូបញ្ជូននាវាចម្បាំង​ មកជួយទប់ទល់នឹង​រុស្ស៊ី

ប្រធានាធិបតី​អ៊ុយក្រែន លោក Petro Poroshenko បានស្នើឱ្យ​អង្គការណាតូ​បបញ្ជូន​នាវាចម្បាំង មកកាន់​តំបន់​សមុទ្រ Azov ដើម្បីជួយ​កងកម្លាំងអ៊ុយក្រែន​ទប់ទល់ជា​មួយ​រុស្ស៊ី។ លោក Poroshenko បានលើកឡើង​នូវសំណើនេះ ក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មាន​អាល្លឺម៉ង់ Bild newspaper នៅក្នុង​សប្ដាហ៍នេះ។ លើសពីនេះ​ទៅទៀត ប្រធានាធិបតី​អ៊ុយក្រែនរូបនេះ ក៏បាន​អះអាងដែរថា អ៊ុយក្រែនមិនអាចទទួលយកបាន​ឡើយ ចំពោះទង្វើ​ឈ្លានពាន​របស់រុស្ស៊ី នៅក្នុងតំបន់​គ្រីមៀ តំបន់ភាគខាងកើត​ប្រទេសអ៊ុយក្រែន និងនៅតំបន់​សមុទ្រ Azov រីឯ​អាល្លឺម៉ង់ វិញគួរតែសួរ​ខ្លួនឯងថា តើលោក ពូទីន នឹងធ្វើអ្វី​បន្តទៀត បើសិនជាយើង​មិនបញ្ឈប់គាត់ទេ​នោះ។

ប៉ុន្តែ​ព្រមពេលជាមួយគ្នា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទលោក Poroshenko កំពុងប្រើប្រាស់​សកម្មភាពបង្ក​រឿងនៅសមុទ្រ Azov និងច្បាប់​អាជ្ញាសឹក ក្នុងចេតនា​បង្កើនប្រជាប្រិយភាព​របស់ខ្លួន នៅមុនការបោះឆ្នោត​ក្នុងប្រទេស​អ៊ុយក្រែន នៅឆ្នាំ២០១៩ តែប៉ុណ្ណោះហើយថា​ រុស្ស៊ីនឹងចាត់វិធានការ​ចំាបាច់នានា ដើម្បីការពារបូរណភាព​ទឹកដី​របស់ខ្លួន។

* តើសង្គ្រាមអាចនឹងផ្ទុះ​ឡើងដែរឬទេ រវាងប្រទេស​ទាំងពីរ?

មជ្ឈដ្ឋានខ្លះយល់ថា ជម្លោះបច្ចុប្បន្ន​រវាង​អ៊ុយក្រែន និងរុស្ស៊ី​អាចនឹងបង្កឱ្យ​សង្រ្គាមអាច​នឹងផ្ទុះឡើង។ តែតាម​ការពិតរុស្ស៉ី និងអ៊ុយក្រែន បានធ្វើសង្រ្គាម​ដោយប្រយោល​ជាមួយនឹងគ្នា​ អស់រយៈពេល​ជាង​ ៤ឆ្នាំកន្លះមកហើយ ចាប់តាំងពី​ឆ្នាំ២០១៤ មក​ម្ល៉េះនៅឯភាគខាងកើត​ប្រទេស​អ៊ុយក្រែន។ សង្រ្គាមដោយ​ប្រយោលនេះ កើតមានឡើង​រវាងរដ្ឋាភិបាល​ទីក្រុងកៀវ និងក្រុម ឧទ្ទាមបំបែក​រដ្ឋគាំទ្រដោយរុស្ស៊ី​ ដែលបាន​ផ្ដល់អាវុធ និងទីប្រឹក្សាយោធា​ជួយដល់​ក្រុមឧទ្ទាម។ មិនតែ​ប៉ុណ្ណោះ បើទោះជារុស្ស៉ី​បដិសេធ​ក៏ដោយ តែសហរដ្ឋអាមេរិក​បានចោទត្រង់ៗ​តែម្ដងថា ក្រុមឧទ្ទាម​បំបែករដ្ឋនៅភាគខាងកើត​ប្រទេសអ៊ុយក្រែន គឺស្ថិតនៅ​ក្រោមការបញ្ជា និងគ្រប់គ្រង​ដោយផ្ទាល់​ពីរុស្ស៊ី។

ទោះជាយ៉ាងនេះក្ដី​មជ្ឈដ្ឋានខ្លះ​ទៀតយល់ថា ជម្លោះបច្ចុប្បន្ននឹងមិនអាចឱ្យ​សង្រ្គាមផ្ទុះឡើង​នោះទេ ព្រោះរុស្ស៊ី​ដឹងយ៉ាង​ច្បាស់ថា បើវាយប្រហារ​លើអ៊ុយក្រែន នោះមានន័យ​ស្មើប្រឆាំងដោយ​ផ្ទាល់ជាមួយ​សហរដ្ឋអាមេរិក អង្គការណាតូ និង​អឺរ៉ុបដែល ជាខ្នងបង្អែករបស់​អ៊ុយក្រែន។ ម្យ៉ាងវិញទៀត អ្វីដែលទីក្រុង​ម៉ូស្គូព្រួយបារម្ភ គឺទណ្ឌកម្មសេដ្ឋកិច្ច ពោលគឺបើ​សង្រ្គាមផ្ទុះ​អាមេរិក អង្គការណាតូ និងអឺរ៉ុប ក៏ទំនងជានឹងមិន​ឈរឱបដៃមើល​ឡើយ ហើយប្រហែល​ជាមានលេសប្រមូលផ្ដុំ​កម្លាំងអន្តរជាតិ​ដាក់ ទណ្ឌកម្មរហូត​ដល់ជាន់សេដ្ឋកិច្ចរុស្ស៉ី​ឱ្យរាបដល់ដី​ក៏ថាបាន។

សព្វថ្ងៃ​សហរដ្ឋអាមេរិក​តែងតែអះអាង​ថា រុស្ស៊ីគឺជាប្រទេស​គំរាមកំហែងដល់​សណ្ដាប់ធ្នាប់​អន្តរជាតិ ដូច្នេះចង់ ឬមិនចង់ ក្នុងនាម​ជាមហាអំណាច​ពិភពលោកធំមួយដែរ រុស្ស៉ីប្រហែល​ជានឹងមិនប្រើប្រាស់​កម្លាំងយោធាធំដុំណាមួយលើអ៊ុយក្រែន​នោះទេ ដើម្បីបង្ហាញ​ប្រាប់ ពិភពលោកថា អ្វីដែលអាមេរិក​និយាយគឺជា​រឿងកុហក។ អាចនិយាយ​ម្យ៉ាងទៀតថា រុស្ស៊ី ណាតូ អឺរ៉ុប និងសហរដ្ឋអាមេរិក​សុទ្ធតែមានការ​ញញើតនឹងគ្នា​ទៅវិញទៅមក ហើយសុទ្ធតែដឹងយ៉ាងច្បាស់ថា ការខូចខាតនឹង​មានទំហំធំធេង​ប៉ុណ្ណា នៅពេល​សង្រ្គាមផ្ទុះឡើង ដែលមិនអាច​កំណត់ទំហំត្រូវកើត និងពេលវេលាត្រូវបញ្ចប់បានឡើយ។

គួរបញ្ជាក់ថា វិបត្តិរុស្ស៉ី-អ៊ុយក្រែននេះដែរត្រូវបាន​គេរំពឹងថា នឹងកា្លយជារបៀបវារៈ​សំខាន់នៅក្នុងកិច្ច​ប្រជុំកំពូល G20 នៅប្រទេស​អាហ្សង់ទីន​នៅចុងខែវិច្ឆិកានេះ ជាទីដែលមេដឹកនាំ​ពិភពលោករួមមាន​ទាំង លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន ត្រូវចូលរួម​ប្រជុំពិភាក្សាពីបញ្ហា​ពិភពលោក និងសេដ្ឋកិច្ច៕

បកប្រែ និងសម្រួល៖ ម៉ាត់ ណាសាត (CNN ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨)