(វ៉ាស៊ីនតោន)៖ ទីបំផុតវិមានក្រឹមឡាំង​នៃទីក្រុងម៉ូស្គូ បានចេញសេចក្តី​ប្រកាសហើយ​ថា ជំនួបជាថ្មីទៀតរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវធ្វើឡើងនៅក្នុងឱកាស នៃកិច្ចប្រជុំកំពូលនៃបណ្តាប្រទេស​សេដ្ឋកិច្ចធំៗ G-20 នៅក្នុងរដ្ឋធានី​ប៊ុយណូសអ៊ែរែស នៃប្រទេសអាហ្សង់ទីន​ នាថ្ងៃសៅរ៍​ចុងសប្តាហ៍​នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា របៀបវារៈនៃ​ជំនួបជាថ្មីរវាងលោក ពូទីន និងលោក ត្រាំ នាពេល​ឆាប់ៗខាង​មុខនេះ គឺមិនទាន់ត្រូវ​បានបញ្ជាក់នោះឡើយ ប៉ុន្តែបច្ចុប្បន្ននេះ​រុស្ស៊ីនៅតែកំពុង​ទទួលរង​ទណ្ឌកម្មពី​សំណាក់អាមេរិក​នៅឡើយ ខណៈបញ្ហាវិវាទរវាងរុស្ស៊ី និងអ៊ុយក្រែនដែល​កំពុងតែកើត​​ឡើង ជុំវិញការចាប់នាវិកទូក​អ៊ុយក្រែន​ជាច្រើននាក់នោះ ពិតណាស់​នឹងត្រូវលើកយក​មកពិភាក្សារវាងភាគី​ទាំងពីរ ព្រោះ​បច្ចុប្បន្ននេះ​ដែលមើល​ថែទាំសុខទុក្ខ​អ៊ុយក្រែន​ខ្លាំងជាងគេ គឺសហរដ្ឋអាមេរិក និង​អង្គការណាតូ។

គិតចាប់តាំង​ពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែង​កាលពី​ខែមករា ឆ្នាំ២០១៧ ដែល​ប្រធានាធិបតីអាមេរិក​រូបនេះត្រូវបានគេមើល​ឃើញថា ជាអ្នកចង់​ឲ្យសហរដ្ឋអាមេរិក មានទំនាក់ទំនង​ល្អឡើងវិញជាមួយ​រុស្ស៊ីនោះ ហាក់មិនអាច​ធ្វើអ្វីតាមការ​ចង់បាន​បែបបុគ្គលនោះឡើយ តួយ៉ាងដូចជា​ទណ្ឌកម្មដែលបន្សល់​ទុកពីអតីតរដ្ឋបាល​លោក បារ៉ាក់ អូបាម៉ា នៅតែកំពុង​អនុវត្តន៍លើរុស្ស៊ីដដែល ហើយ​ទណ្ឌកម្មថ្មីៗទៀត​ក្នុងរដ្ឋបាល​លោក ត្រាំ ក៏ត្រូវបានដាក់​ជាបន្តបន្ទាប់ផងដែរ​ទៅលើរុស្ស៊ី ទោះបីជា​មេដឹកនាំប្រទេស​មហាយក្ស​យោធា​កំពូលៗទាំងពីរនេះ បានជួបពិភាក្សាគ្នា​ទាំងផ្លូវការ និងមិនផ្លូវការប៉ុន្មាន​លើមកហើយ​ក៏ដោយ ក៏ហាក់គ្មានភាព​វិជ្ជមានអ្វីបាន​កើតមានឡើង​នោះដែរ៕